681 ezgif.com resize
Swift cc time

WHO ៖ វីរុសអេបូឡាបំប្លែងថ្មី សម្លាប់មនុស្សកើនដល់ ៦១នាក់ និងឆ្លងថ្មីជិត ៣៦០ ករណី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ហ្សឺណេវ៖ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា ចំនួនអ្នកឆ្លងមេរោគអេបូឡា នៅក្នុងការផ្ទុះឡើងចុងក្រោយបង្អស់ ដែលបង្កឡើងដោយវីរុសបំប្លែងថ្មីប្រភេទ ប៊ុនឌីប៊ូហ្គូ (Bundibugyo variant) បានកើនឡើងដល់ ៣៥៩ ករណីហើយ។ ក្នុងចំណោមករណីវិជ្ជមានទាំងនោះ មាន ៣៤៤ ករណីត្រូវបានកត់ត្រានៅក្នុងប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) និង ១៥ ករណីទៀតនៅក្នុងប្រទេសអ៊ូហ្គង់ដា (Uganda)។ ក៏មានករណីសង្ស័យចំនួន ១១៦ ករណី ដែលតួលេខនេះបានធ្លាក់ចុះយ៉ាងគំហុក ពីចំនួន ៩០៦ ករណីដែលបានរាយការណ៍លើកមុន។ គិតមកទល់ពេលនេះ ការផ្ទុះឡើងនៃជំងឺនេះ បានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតចំនួន ៦១ នាក់។

លោក ថេដ្រូស អាដាណុម ហ្គេប្រេយេស៊ូស (Tedros Adhanom Ghebreyesus) អគ្គនាយកអង្គការ WHO បានរកឃើញបញ្ហាប្រឈមជាច្រើនក្នុងការគ្រប់គ្រងការរីករាលដាលនេះ ក្រោយត្រឡប់មកពីធ្វើទស្សនកិច្ចនៅតាមតំបន់ដែលរងផលប៉ះពាល់ រួមទាំងចំណុចកណ្តាលនៃការផ្ទុះឡើង (Epicentre) ស្ថិតនៅក្នុងតំបន់ អ៊ីទូរី (Ituri) ភាគភូមិភាគឥសាននៃប្រទេសកុងហ្គោ។

លោក ថេដ្រូស អាដាណុម ហ្គេប្រេយេស៊ូស (Tedros Adhanom Ghebreyesus) អគ្គនាយកអង្គការ WHO

លោកថេដ្រូស បានចង្អុលបង្ហាញថា វិធានការរឹតបន្តឹងការធ្វើដំណើរជាទូទៅដែលដាក់ចេញដោយប្រទេសមួយចំនួន បាននិងកំពុងរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ និងរារាំងដល់កិច្ចខិតខំប្រឹងប្រែងទប់ស្កាត់វីរុសនេះ។ លោកបានបញ្ជាក់ថា៖ «យើងសូមជំរុញឱ្យបណ្តាប្រទេសដែលកំពុងអនុវត្តវិធានការរឹតបន្តឹងការធ្វើដំណើរជាទូទៅ មេត្តាដកវិធានការទាំងនោះចេញវិញ»។ លោក ថេដ្រូស នៅតែបង្ហាញក្តីសង្ឃឹម និងសុទិដ្ឋិនិយមខ្ពស់ដោយបានបញ្ជាក់ថា៖ «វាមិនមែនជាសំណួរថាតើយើងអាចទប់ស្កាត់ការផ្ទុះឡើងនេះបានឬក៏អត់នោះទេ ប៉ុន្តែវាជាសំណួរថាតើយើងនឹងត្រូវបញ្ចប់វាបាននៅពេលណា»។

ជាការឆ្លើយតបអង្គការ WHO បានផ្តល់អនុសាសន៍ឱ្យមានការពិនិត្យសុខភាពជាមុនសិននៅពេលចាកចេញ (Departure Screening) នៅតាមព្រលានយន្តហោះ កំពង់ផែ និងច្រកព្រំដែននានា ដើម្បីការពារកុំឱ្យបុគ្គលដែលមានផ្ទុកមេរោគ ឬអ្នកដែលបានប៉ះពាល់ផ្ទាល់ ចាកចេញពីតំបន់ដែលរងផលប៉ះពាល់។

WHO បានគូសបញ្ជាក់ថា បញ្ហាប្រឈមផ្សេងទៀត រួមមាន សមត្ថភាពនៃការធ្វើតេស្តរោគវិនិច្ឆ័យនៅមានកម្រិត និងការស្វែងរកអ្នកប៉ះពាល់ផ្ទាល់ (Contact-tracing) នៅមិនទាន់បានទូលំទូលាយគ្រប់គ្រាន់នៅឡើយ។ បន្ថែមពីលើនេះ ការមិនទាន់មានវ៉ាក់សាំង ឬវិធីសាស្ត្រព្យាបាលផ្លូវការ ក៏រឹតតែធ្វើឱ្យការទប់ស្កាត់វីរុសមានភាពស្មុគស្មាញខ្លាំងឡើង៕

Khcct banner

អត្ថបទទាក់ទង