681 ezgif.com resize
Swift cc time

កិច្ចព្រមព្រៀង RCEP ជួយសមាជិករួមទាំងកម្ពុជា ចំណេញរាប់ពាន់លានដុល្លារ ក្នុងរយៈពេលជាង៤ឆ្នាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

អាស៊ី៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលជាប្លុកពាណិជ្ជកម្មសេរីធំបំផុតនៅលើពិភពលោក បាននិងកំពុងជំរុញសមាហរណកម្មពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅក្នុងចំណោមប្រទេសជាសមាជិក រួមទាំងកម្ពុជា ក្នុងរយៈពេលជាងបួនឆ្នាំកន្លងមកនេះ ព្រមទាំងបានផ្តល់ផលប្រយោជន៍ជាក់ស្តែងយ៉ាងច្រើនលើសលប់ដល់ប្រជាជននៅក្នុងតំបន់។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងនេះ «វិធានដើមកំណើតទំនិញ» បានដើរតួនាទីជាកាតាលីករយ៉ាងសំខាន់ក្នុងការលុបបំបាត់របាំងពន្ធគយលើមុខទំនិញជួញដូររវាងបណ្តាប្រទេសហត្ថលេខី ដែលអនុញ្ញាតឱ្យសហគ្រាសពាណិជ្ជកម្មអន្តរជាតិ កាត់បន្ថយថ្លៃដើមយ៉ាងច្រើនលើការនាំចេញទៅកាន់ទីផ្សារ RCEP។ បន្ថែមពីនេះ RCEP ក៏បានជួយសម្រួល និងពន្លឿននីតិវិធីគយ ដែលជួយកាត់បន្ថយទាំងការចំណាយ និងពេលវេលា ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់បណ្តាអាជីវកម្មក្នុងការធ្វើពាណិជ្ជកម្មឆ្លងដែន។

យោងតាមការព្យាកររបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា ប្រសិនបើកិច្ចព្រមព្រៀង RCEP នេះត្រូវបានអនុវត្តយ៉ាងពេញលេញ វាអាចនឹងជួយបង្កើតប្រាក់ចំណូលរហូតដល់ ២៤៥ ពាន់លានដុល្លារអាម៉េរិក និងបង្កើតឱកាសការងារបន្ថែមប្រមាណ ២,៨ លានកន្លែង ដល់សេដ្ឋកិច្ចក្នុងតំបន់ត្រឹមឆ្នាំ២០៣០។

ជាក់ស្តែង ត្រឹមតែនៅក្នុងខែមេសាកន្លងទៅនេះ អាជ្ញាធរចិនបានចេញវិញ្ញាបនបត្រដើមកំណើតទំនិញ (Certificate of Origin) ក្រោមក្របខ័ណ្ឌ RCEP ចំនួន ៣៤,៨៤០ ច្បាប់ ពោលគឺកើនឡើង ១៣,៧៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯទំហំទឹកប្រាក់នៃវិញ្ញាបនបត្រទាំងនោះ មានតម្លៃរហូតដល់ទៅ ៩៨៧ លានដុល្លារអាម៉េរិក ដែលស្មើនឹងការកើនឡើង ១៦,៤ ភាគរយ។

គួរបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀង RCEP នេះបានចូលជាធរមានកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដោយមានការចូលរួមពីប្រទេសចំនួន១៥ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមមានប្រទេសសមាជិកអាស៊ានទាំង១០ (ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម) ព្រមទាំងដៃគូពាណិជ្ជកម្មធំៗចំនួន៥ ទៀត រួមមាន ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់៕

Khcct banner

អត្ថបទទាក់ទង