ភ្នំពេញ៖ យុវជនប្រមាណ៣០០នាក់ កាលពីថ្ងៃទី៣១ ឧសភា បានទទួលបានចំណេះដឹងអំពីពិភពអាជីវកម្ម និងឱកាសទីផ្សារក្នុងស្រុកតាមរយៈកម្មវិធីPROUDLY-ខ្មែរ។ យុវជន បានសិក្សាស្វែងយល់តាមរយៈការចែករម្លែកបទពិសោធន៍ពិត រៀនសូត្រដោយផ្ទាល់ពីម្ចាស់អាជីវកម្មខ្មែរពីរបៀបចាប់ផ្តើម និងការពង្រីកអាជីវកម្ម យល់ដឹងពីទីផ្សារ និងឱកាសល្អៗនៅក្នុងទីផ្សារប្រទេសកម្ពុជា។
កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ សមាគមនិស្សិតវិទ្យាសាស្រ្តសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ នៅកម្ពុជា (AIESEC) បានរៀបចំកម្មវិធីដែលមានឈ្មោះថា PROUDLY-ខ្មែរ «ជ្រើសរើសខ្មែរ ប្រើប្រាស់ផលិតផលខ្មែរ និងមានមោទនភាពជាខ្មែរ» នៅ Factory Phnom Penh ដោយមានការចូលរួមពី ស្ថាបនិក និង សិស្សានុសិស្សផ្សេងៗ ចំនួនប្រមាណជាង ៣០០ នាក់។
តាមរយៈវេទិកានេះ មានគោលបំណងជំរុញ និងលើកទឹកចិត្តយុវជនកម្ពុជាស្វែងយល់ពីពិភពអាជីវកម្ម និងឱកាសទីផ្សារក្នុងស្រុក បង្កើនទំនុកចិត្តចំពោះផលិតផល និងម៉ាកសញ្ញារបស់ខ្មែរ ផ្តល់ចំណេះដឹង និងបទពិសោធន៍ការងារជាក់ស្តែងពីស្ថាបនិក និងសហគ្រិនខ្មែរល្បីៗ ក៏ដូចជាបង្កើតឱកាសសម្រាប់កសាងម៉ាកសញ្ញា (Brand) ក្នុងស្រុក បង្ហាញផលិតផល និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយអ្នកប្រើប្រាស់វ័យក្មេង។
យុវជនទទួលបានបទពិសោធន៍ពិត រៀនសូត្រដោយផ្ទាល់ពីម្ចាស់អាជីវកម្មខ្មែរពីរបៀបចាប់ផ្តើម និងការពង្រីកអាជីវកម្ម យល់ដឹងពីទីផ្សារ និងឱកាសល្អៗនៅក្នុងទីផ្សារប្រទេសកម្ពុជា បង្កើនទំនុកចិត្ត មានភាពក្លាហានក្នុងការសាកល្បងបង្កើតអាជីវកម្ម ឬអភិវឌ្ឍគំនិតច្នៃប្រឌិតផ្ទាល់ខ្លួន ស្គាល់ពីផលិតផលខ្មែរ បង្កើនការយល់ដឹង និងក្លាយជាចំណែកមួយក្នុងការគាំទ្រផលិតផលដែលផលិតឡើងដោយកូនខ្មែរ។
គួរបញ្ជាក់ថា “PROUDLY ខ្មែរ" គឺជាកម្មវិធីសិក្ខាសាលាពេញមួយថ្ងៃ និងការតាំងពិព័រណ៍ផលិតផលខ្មែរ ដែលត្រូវបានបង្កើតឡើងក្នុងគំនិតផ្ដួចផ្ដើម ដើម្បីផ្សារភ្ជាប់រវាងយុវជន និងអាជីវកម្ម ដើម្បីលើកស្ទួយអាជីវកម្មខ្មែរ និងបង្កើនសន្ទុះក្នុងការអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា៕