វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ បានតែងតាំងអ្នកស្មោះត្រង់ម្នាក់របស់លោកម្នាក់ដែលគ្មានបទពិសោធន៍សន្តិសុខជាតិអាម៉េរិកសោះឡើយទៅជាប្រធានស៊ើបការណ៍សម្ងាត់អាម៉េរិកកាលពីល្ងាចថ្ងៃអង្គារ លោក ដូណាល់ត្រាំថានឹងរក្សាការងារដែលនៅសេសសល់របស់លោកក្នុងការត្រួតពិនិត្យគោលនយោបាយលំនៅដ្ឋាន និងប្រាក់កម្ចីសហព័ន្ធ។ លោក Bill Pulte ដែលជាប្រធានទីភ្នាក់ងារហិរញ្ញវត្ថុលំនៅដ្ឋានរបស់សហព័ន្ធនឹងត្រូវតែងតាំងជានាយកស្តីទីនៃភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ (DNI) ជំនួសលោកស្រី Tulsi Gabbard។
លោក ត្រាំ បានសរសើរលោក Bill Pulte នៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមអំពីដំណឹងនៃការប្រកាសពីការតែងតាំងនេះ ដោយលោកអះអាងថាលោក Bill Pulte មានបទពិសោធន៍យ៉ាងជ្រាលជ្រៅក្នុងការគ្រប់គ្រងបញ្ហាដ៏រសើបបំផុតនៅអាម៉េរិករួមមាន សុវត្ថិភាព និងស្ថិរភាពនៃទីផ្សាររបស់អាម៉េរិក។ លោកបន្តទៀតថាលោក Pulte ក៏ជាអ្នកដឹកនាំក្រុមហ៊ុនយក្សផ្នែកបញ្ចាំ Fannie Mae និង Freddie Mac នឹងបន្តបម្រើការងារជាច្រើនទៀត។
គួរកត់សម្គាល់ថាលោកស្រី Gabbard ដែលអតីតនាយកស៊ើបការណ៍សម្ងាត់របស់លោកត្រាំបានលាលែងពីតំណែងនៅចុងខែឧសភាកន្លងទៅ ដោយបញ្ចប់មុនអាណត្តិដោយសារតែលោកស្រីមិនចុះសម្រុងជាមួយលោក ត្រាំ លើសង្គ្រាមរបស់គាត់លើអ៊ីរ៉ង់។
នាយកស៊ើបការណ៍សម្ងាត់ជាតិ (DNI) ដែលជាសហគមន៍ស៊ើបការណ៍សម្ងាត់អាម៉េរិក និងបម្រើការជាទីប្រឹក្សាសំខាន់របស់ប្រធានាធិបតីលើបញ្ហាស៊ើបការណ៍សម្ងាត់ត្រូវបានតម្រូវដោយច្បាប់ឱ្យមាន ជំនាញសន្តិសុខច្បាស់លាស់តែលោក Pulte ខ្វះបទពិសោធន៍។
លោក Pulte វ័យ ៣៨ ឆ្នាំ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយអាម៉េរិកមួយចំនួនពណ៌នាថាជា "ឆ្កែវាយប្រហារ" របស់ប្រធានាធិបតីត្រាំ។ លោក Pulte ធ្លាប់ចោទប្រកាន់សមាជិកព្រឹទ្ធសភាប្រជាធិបតេយ្យ Adam Schiff និងអគ្គរដ្ឋអាជ្ញាញូវយ៉ក Letitia James ពីបទក្លែងបន្លំឯកសារលើពាក្យសុំបញ្ចាំកន្លងមក លោកក៏ជាអ្នកគាំទ្រលោកដូណាល់ត្រាំផ្គាប់មុខ និងចេញមុខជួយឃោសនាក្នងការរកសម្លេងឆ្នោតជូនលោកប្រធានាធិបតីត្រាំ៕