ចិន៖ ការប្រកួតរត់ប្រណាំងរ៉ូបូតមនុស្ស ក្នុងទីក្រុងប៉េកាំង នៅក្នុងឆ្នាំ២០២៦នេះ បានបង្ហាញពីការវិវត្តន៍យ៉ាងគំហុកនៃបច្ចេកវិទ្យារបស់ប្រទេសចិន ដោយរ៉ូបូតលំដាប់កំពូលទាំង៣ អាចរត់បញ្ចប់ទីក្នុងរយៈពេលមិនដល់ ១ម៉ោងឡើយ ខណៈកាលពីឆ្នាំមុន ម្ចាស់ជើងឯក "Tiangong Ultra" ត្រូវចំណាយពេលរហូតដល់ ២ម៉ោង និង៤០នាទី។ អ្នកជំនាញបានលើកឡើងថា ល្បឿនដ៏លឿនជាងមុននេះ មិនមែនត្រឹមតែជាការបំបែកកំណត់ត្រាពេលវេលានោះទេ ប៉ុន្តែវាជាសញ្ញាណបង្ហាញពីការឈានទៅមុខរួមគ្នានៃវិស័យឧស្សាហកម្មទាំងមូល តាមរយៈការប្រមូលផ្តុំអ្នកស្រាវជ្រាវដើម្បីបង្កើតរបកគំហើញថ្មីៗ។
លោក Du Xiaodi វិស្វករអភិវឌ្ឍន៍ការធ្វើតេស្តមកពីក្រុមហ៊ុន Honor បានពន្យល់ថាការអភិវឌ្ឍឱ្យរ៉ូបូតអាចរត់បានកាន់តែលឿន មានលំនឹង និងមានភាពធន់ គឺជាសូចនាករគន្លឹះដ៏សំខាន់ក្នុងការនាំយកបច្ចេកវិទ្យានេះចេញពីមន្ទីរពិសោធន៍ ទៅប្រើប្រាស់ក្នុងជីវភាពរស់នៅជាក់ស្តែង ដូចជាការសង្គ្រោះក្នុងគ្រោះមហន្តរាយ និងការងារក្នុងវិស័យឧស្សាហកម្ម ឬប្រព័ន្ធលក់រាយជាដើម។
ក្រុមអ្នកបច្ចេកទេសបានបញ្ជាក់ថា ភាពជោគជ័យនេះកើតចេញពីការផ្ទេរ និងការស្រាវជ្រាវផ្ទាល់លើបច្ចេកវិទ្យាស្នូល ដូចជាប្រព័ន្ធបញ្ចុះកម្តៅដោយវត្ថុរាវ (Liquid Cooling) និងប្រព័ន្ធសន្លាក់ម៉ូទ័រ ដែលការប្រកួតប្រជែងនេះប្រៀបដូចជាការជំរុញដែនកំណត់របស់រ៉ូបូតឱ្យកាន់តែខិតជិតទៅរកការបម្រើផលប្រយោជន៍មនុស្សជាតិ៕