ថៃ៖ គ្រាប់បែកបំពាក់លើដ្រូនអត្តឃាតមួយគ្រឿង បានផ្ទុះឡើងយ៉ាងខ្លាំងក្លានៅក្នុងចំការម្ទេសមួយកន្លែង ស្ថិតក្នុងស្រុកភបព្រះ (Phop Phra) ខេត្តតាក ក្បែរព្រំដែនថៃ-មីយ៉ាន់ម៉ា កាលពីរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦។ ហេតុការណ៍នេះបានបណ្តាលឱ្យពលករចំណាកស្រុកជនជាតិមីយ៉ាន់ម៉ាស្លាប់បាត់បង់ជីវិតសមាជិកមួយគ្រួសារចំនួន ៣នាក់ និងរងរបួសធ្ងន់ ២នាក់។ នេះបើតាមការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Amarin TV។
យោងតាមការស៊ើបអង្កេតរបស់សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ មានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅខាងទឹកដីមីយ៉ាន់ម៉ា ហើយស្រាប់តែមានដ្រូនអត្តឃាតមួយគ្រឿង បានហោះវង្វេងទិសដៅធ្លាក់ចូលមកក្នុងដីថៃ ដោយបានបុកទង្គិចនឹងដើមឈើធំមួយ ធ្វើឱ្យគ្រាប់បែកដែលបំពាក់លើដ្រូននោះរបូតធ្លាក់ទៅកណ្តាលចំការម្ទេស ដែលមានពលករកំពុងធ្វើការងារ។
ហេតុការណ៍មិននឹកស្មានដល់បានកើតឡើង នៅពេលដែលពលការិនីម្នាក់ឈ្មោះ មៈខៃ (Ma Khai) អាយុ ២៥ឆ្នាំ បានដើរទៅប្រទះឃើញវត្ថុចម្លែកស្រដៀងគ្រាប់បែកនោះ ហើយដោយសារតែក្តីងឿងឆ្ងល់ នាងក៏បានហៅប្តី កូនប្រុសអាយុ ១១ឆ្នាំ និងមិត្តរួមការងារសរុប ៥នាក់ ចូលទៅពិនិត្យមើល។ ភ្លាមៗនោះ វត្ថុចម្លែកនោះបានផ្ទុះឡើងយ៉ាងខ្លាំង សម្លាប់ស្ត្រីជាប្រពន្ធភ្លាមៗនៅនឹងកន្លែង ចំណែកឯប្តីនិងកូនប្រុសបានដាច់ខ្យល់ស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯពលករ ២នាក់ទៀតរងរបួសជាទម្ងន់។
ក្រោយកើតហេតុ សមត្ថកិច្ចថៃបានបិទខ្ទប់តំបន់កើតហេតុដើម្បីធ្វើការពិនិត្យកោសល្យវិច្ច័យឱ្យបានលម្អិត និងបានចេញប្រកាសព្រមានជាបន្ទាន់ដល់ប្រជាពលរដ្ឋរស់នៅតាមខ្សែបន្ទាត់ព្រំដែន ហាមប៉ះពាល់ ឬផ្លាស់ទីវត្ថុគួរឱ្យសង្ស័យទាំងឡាយដាច់ខាត និងត្រូវរាយការណ៍ជូនអាជ្ញាធរជាប្រញាប់ដើម្បីជៀសវាងគ្រោះថ្នាក់៕