681 ezgif.com resize
Swift cc time

ស្ដេចថៃ ចេញព្រះរាជ្យក្រឹត្យ អនុញ្ញាតិឱ្យលោកថាក់ស៊ីនមានសេរីភាពមុនកំណត់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា (Thaksin Shinawatra) នឹងត្រូវទទួលបានការដោះលែងឱ្យមានសេរីភាពពេញលេញភ្លាមៗ ដោយមិនបាច់រង់ចាំរហូតដល់ថ្ងៃទី៩ ខែកញ្ញា ខាងមុខនោះឡើយ បន្ទាប់ពីព្រះមហាក្សត្រថៃ ព្រះបាទ មហាវជិរាលង្ករណ៍ បានត្រាស់បង្គាប់ឱ្យចេញព្រះរាជក្រឹត្យលើកលែងទោសជាសាធារណៈមួយ កាលពីថ្ងៃអង្គារ។

ព្រះរាជក្រឹត្យផ្ដល់ការលើកលែងទោសឆ្នាំ២០២៦ នេះ ត្រូវបានប្រកាសឡើងក្នុងឱកាសពិធីបុណ្យចម្រើនព្រះជន្មវស្សាគម្រប់ ៤៨ ព្រះវស្សា របស់សម្តេចព្រះរាជិនី សុទិដា (Suthida) នៅថ្ងៃទី៣ ខែមិថុនា។

តាមរយៈវិធានការនេះ លោក ថាក់ស៊ីន ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន និងត្រូវពាក់ខ្សែដៃអេឡិចត្រូនិក (EM) តាមដាននោះ នឹងត្រូវបញ្ចប់ការត្រួតពិនិត្យ និងរួចផុតពីទោសទណ្ឌទាំងស្រុង។ មូលហេតុគឺដោយសារតែទោសដែលនៅសល់របស់លោកមានត្រឹមតែជាង ៣ខែប៉ុណ្ណោះ ដែលស្របទៅនឹងលក្ខខណ្ឌនៃព្រះរាជក្រឹត្យថ្មីនេះ ដែលផ្តល់ការលើកលែងទោសដល់ទណ្ឌិតទាំងឡាយណាដែលមានទោសសល់ក្នុងពន្ធនាគារមិនលើសពីមួយឆ្នាំ។

គួរបញ្ជាក់ថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ត្រូវបានតុលាការថៃកាត់ទោសឱ្យជាប់ពន្ធនាគារ ពាក់ព័ន្ធនឹងបទចោទប្រកាន់ពីបទរំលោភអំណាច និងទំនាស់ផលប្រយោជន៍ កាលពីអំឡុងពេលលោកកាន់តំណែងជានាយករដ្ឋមន្ត្រី។ លោកត្រូវបានដោះលែងឱ្យនៅក្រៅឃុំក្រោមលក្ខខណ្ឌត្រួតពិនិត្យកាលពីថ្ងៃទី១១ ខែឧសភា កន្លងទៅ បន្ទាប់ពីបានអនុវត្តទោសមួយផ្នែក រហូតដល់មានការប្រកាសលើកលែងទោសជាស្ថាពរនាពេលនេះ៕

Khcct banner

អត្ថបទទាក់ទង