ញូដេលី៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) បានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ោង ឡាំង (Min Aung Hlaing) ក្នុងដំណើរទស្សនកិច្ច ៥ថ្ងៃ ផ្ដើមពីថ្ងៃ៣០ឧសភា រហូតដល់ថ្ងៃទី៣ ខែមិថុនា ដើម្បីការពារផលប្រយោជន៍យុទ្ធសាស្ត្រ និងទប់ទល់ឥទ្ធិពលចិនក្នុងវិស័យរ៉ែ។ ដំណើទស្សនកិច្ចនេះ ផ្តោតចម្បងលើការរឹតបន្តឹងសន្តិសុខតាមបណ្តោយព្រំដែនរួមប្រវែង ១,៦៤៣ គីឡូម៉ែត្រ ដែលកំពុងរងការគំរាមកំហែងពីក្រុមឧទ្ទាម ពិសេសនៅរដ្ឋម៉ានីពួរ (Manipur)។
យោងតាមការចុះផ្សាយរបស់កាសែត The Strait Times ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមទ្វេភាគីកាលពីថ្ងៃទី១ ខែមិថុនា ក្នុងការទប់ស្កាត់ក្រុមប្រឆាំងមិនឱ្យប្រើប្រាស់ទឹកដីរៀងៗខ្លួន វិស័យរ៉ែកម្រ (Rare Earth Minerals) ដូចជា ឌីសប្រូស្យូម និងទែបប៊ីយូម សម្រាប់ផលិតយានយន្តអគ្គិសនី និងប្រព័ន្ធការពារជាតិ បានក្លាយជាចំណុចស្នូលថ្មី។
ការស្វែងរកចំណែកផ្គត់ផ្គង់រ៉ែនេះពីមីយ៉ាន់ម៉ា ដែលកន្លងមកស្ទើរតែទាំងអស់ហូរចូលទៅចិន គឺជាការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយដ៏សំខាន់សម្រាប់ឥណ្ឌា ខណៈរបបយោធាមីយ៉ាន់ម៉ាក៏បានប្រើប្រាស់ឱកាសនេះដើម្បីស្តារមុខមាត់លើឆាកអន្តរជាតិឡើងវិញផងដែរ បន្ទាប់ពីដណ្តើមអំណាចតាមរយៈរដ្ឋប្រហារឆ្នាំ២០២១។
គួរបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោកមីន អ៊ោង ឡាំង ក្នុងនាមជាប្រធានាធិបតីស៊ីវិល បន្ទាប់ពីស្បថចូលកាន់តំណែងកាលពីខែមេសាដែលរងការរិះគន់ថាយកឈ្នះដោយសារ «ការបោះឆ្នោតបង្កប់ល្បិច»៕