តូក្យូ៖ ព្យុះត្រូពិច Jangmi ដ៏ធ្ងន់ធ្ងរបានបោកបក់កាន់តែខ្លាំងពាសពេញប្រទេសជប៉ុននៅព្រឹកថ្ងៃពុធ (ថ្ងៃទី ៣ ខែមិថុនា) នេះដោយមានខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំងរំខានដល់ការដឹកជញ្ជូន និងអាជីវកម្ម ព្រមទាំងកាត់ផ្តាច់ចរន្តអគ្គិសនីដល់ផ្ទះប្រមាណជាង ៦ ម៉ឺនខ្នង។ ទីភ្នាក់ងារឧតុនិយមជប៉ុន ព្រមានថា តំបន់មួយចំនួនតាមបណ្តោយឆ្នេរសមុទ្រប៉ាស៊ីហ្វិកកំពុងស្ថិតក្នុងហានិភ័យកើនឡើងនៃគ្រោះមហន្តរាយគំរាមកំហែងដល់អាយុជីវិត។
បើតាមទីភ្នាក់ងារឧតុនិយមជប៉ុនបានរាយការណ៍ថាព្យុះនេះបានលាតសន្ធឹងចេញពីកោះហុនស៊ូកណ្តាល ដោយធ្វើដំណើរឆ្ពោះទៅទិសឦសានឆ្ពោះទៅកាន់តំបន់តូក្យូ ជាមួយនឹងខ្យល់បក់អតិបរមារហូតដល់ ២៥ ម៉ែត្រក្នុងមួយវិនាទី ព្យុះនេះនេះបានកាត់ផ្តាច់ចរន្តអគ្គិសនីដល់គ្រួសារជិត ៦០,០០០ ខ្នង។ការជូនដំណឹងអំពីការជម្លៀសត្រូវបានចេញដល់ប្រជាជនរាប់រយរាប់ពាន់នាក់នៅក្នុងខេត្តចំនួនប្រាំបីនៅទូទាំងភាគនិរតី កណ្តាល និងខាងកើតប្រទេសជប៉ុន។
ក្រុមហ៊ុនអាកាសចរណ៍ រួមទាំងក្រុមហ៊ុនអាកាសចរណ៍ជប៉ុន និងក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways បានលុបចោលសេវាកម្មអន្តរជាតិ និងក្នុងស្រុកជិត ៩០០ នៅព្រឹកថ្ងៃពុធនេះ ក្នុងនោះមានជើងហោះហើរដែលដំណើរការរវាងប្រទេសសិង្ហបុរី និងអូសាកា ណាហ្គោយ៉ា និងតូក្យូ ក៏ដូចជារវាងប្រទេសសិង្ហបុរី និងឡូសអាន់ជឺឡេស តាមរយៈទីក្រុងតូក្យូ ត្រូវបានកែសម្រួលពេលវេលាឡើងវិញ។
អាជ្ញាធរជប៉ុនអំពាវនាវឲ្យពលរដ្ឋរក្សាការប្រុងប្រយ័ត្ន និងបន្តតាមដានបន្ថែមអំពីការវិវត្តន៍នៃព្យុះ Jangmi នេះ៕