681 ezgif.com resize
Swift cc time

កម្ពុជា-ឡាវ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាល រវាងខេត្តជាប់ព្រំដែន នៃប្រទេសទាំងពីរ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី០២មិថុនា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ លោក Sonexay Vannaxay ឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា នៅទីស្តីការក្រសួងសុខាភិបាល។ ក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានផ្តោតលើលទ្ធភាព ពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាល ជាពិសេសកិច្ចសហប្រតិបត្តិការសុខាភិបាលរវាងខេត្តជាប់ព្រំដែន នៃប្រទេសទាំងពីរ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានបញ្ជាក់ពីការត្រៀមខ្លួនរបស់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការបន្តធ្វើការជាមួយស្ថានទូត និងក្រសួងសុខាភិបាលឡាវ ដើម្បីជំរុញការរៀបចំអនុស្សរណៈនៃការយោគយល់គ្នាថ្មីរវាងក្រសួងសុខាភិបាលនៃប្រទេសទាំងពីរ ដោយផ្តោតលើការបង្ការ និងគ្រប់គ្រងជំងឺឆ្លង ជាពិសេសជំងឺគ្រុនចាញ់ នៅតាមបណ្តាខេត្តជាប់ព្រំដែន និងឆ្លើយតបឱ្យបានទាន់ពេលវេលា ចំពោះស្ថានការណ៍អាសន្នផ្នែកសុខាភិបាល ជាពិសេសនៅច្រកព្រំដែនប្រទេស ព្រមទាំងពង្រឹងសមត្ថភាពរួម ក្នុងការអនុវត្តនិយ័តកម្មសុខភាពអន្តរជាតិ តាមរយៈការបណ្តុះបណ្តាលរួម ការវាយតម្លៃ និងការផ្លាស់ប្តូរព័ត៌មានសុខាភិបាលជាក់ស្តែង។

លើសពីនេះ ភាគីទាំងពីរ បានឯកភាពឱ្យមានការផ្លាស់ប្តូរចំណេះដឹង ដោយផ្ទាល់រវាងមន្ទីរសុខាភិបាលខេត្តជាប់ព្រំដែន តាមរយៈការប្រាស្រ័យទំនាក់ទំនងគ្នាជាប្រចាំ ការរៀបចំលំហាត់សមយុទ្ធរួមនៅទីតាំងជាក់ស្តែង និងការចែករំលែកបទពិសោធន៍ពីករណីជំងឺឆ្លងដែន ដើម្បីពង្រឹងសមត្ថភាពត្រៀមបង្ការ និងឆ្លើយតបរួមឱ្យកាន់តែមានប្រសិទ្ធភាព។

ក្រសួងសុខាភិបាល សូមស្វាគមន៍គំនិតផ្តួចផ្តើមរៀបចំពិព័រណ៍ឱសថ និងបរិក្ខារពេទ្យរួម ដើម្បីអបអរសាទរខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ឡាវ និងបន្តគាំទ្រគ្នាក្នុងក្របខណ្ឌអាស៊ាន មេគង្គ-ឡានឆាង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-វៀតណាម៕

Khcct banner

អត្ថបទទាក់ទង