681 ezgif.com resize
Swift cc time

ម៉ាល់ឌីវ គ្រោងហាមឃាត់កុមារអាយុក្រោម ១៦ឆ្នាំ មិនឱ្យប្រើប្រាស់បណ្ដាញសង្គមមួយចំនួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ម៉ាល់ឌីវ៖ ប្រធានាធិបតីម៉ាល់ឌីវ លោក ម៉ូហាម៉េដ មូអ៊ីហ្ស៊ូ (Mohamed Muizzu) កាលពីថ្ងៃចន្ទ បានប្រកាសថា រដ្ឋាភិបាលនឹងហាមឃាត់កុមារដែលមានអាយុក្រោម ១៦ឆ្នាំ មិនឱ្យចូលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមួយចំនួន ដើម្បីការពារពួកគេពីការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត (Cyberbullying) ការល្បួងលួងលោមតាមអនឡាញ (Online grooming) និងការគំរាមកំហែងផ្នែកឌីជីថលផ្សេងៗទៀត។ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ PSM News។

ប្រធានាធិបតីម៉ាល់ឌីវ លោក ម៉ូហាម៉េដ មូអ៊ីហ្ស៊ូ

នៅក្នុងសន្និសីទសារព័ត៌មាន លោក មូអ៊ីហ្ស៊ូ បានមានប្រសាសន៍ថា ការការពារកុមារពីគ្រោះថ្នាក់តាមអនឡាញ បានក្លាយជាក្តីបារម្ភដ៏ធំមួយសម្រាប់មាតាបិតានៅក្នុងប្រទេសម៉ាល់ឌីវ ក៏ដូចជានៅបរទេសផងដែរ។ លោកបានគូសបញ្ជាក់ថា រដ្ឋាភិបាលម៉ាល់ឌីវនឹងសិក្សាពីបទប្បញ្ញត្តិរបស់ប្រទេសដទៃទៀត រួមទាំងប្រទេសអូស្ត្រាលី ខណៈខ្លួនកំពុងរៀបចំគោលនយោបាយថ្មីនេះ។

លោកមូអ៊ីហ្ស៊ូបានពន្យល់ថា បម្រាមដែលបានស្នើឡើងនេះ នឹងផ្តោតលើកម្មវិធីជាក់លាក់មួយចំនួនដែលត្រូវបានចាត់ទុកថាមានហានិភ័យខ្ពស់សម្រាប់កុមារ។ រដ្ឋាភិបាលនឹងពិគ្រោះយោបល់ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាពាក់ព័ន្ធ និងសហការជាមួយម្ចាស់កម្មវិធី (Platform owners) ដើម្បីធ្វើឱ្យសេវាកម្មរបស់ពួកគេស្របទៅតាមច្បាប់របស់ប្រទេសម៉ាល់ឌីវ ដែលវិធានការនេះនឹងតម្រូវឱ្យមានការធ្វើវិសោធនកម្មលើច្បាប់ស្តីពីសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិតដែលមានស្រាប់។

លោក មូអ៊ីហ្ស៊ូ បានសង្កត់ធ្ងន់ថា ការរឹតបន្តឹងទាំងនេះនឹងមិនរារាំងដល់ការសិក្សា ឬសមត្ថភាពក្នុងការរៀនសូត្រតាមអនឡាញរបស់កុមារនោះឡើយ ប៉ុន្តែវានឹងជួយបង្កើតបរិយាកាសឌីជីថលមួយដែលមានសុវត្ថិភាពជាងមុន។ លោកថា រដ្ឋាភិបាលម៉ាល់ឌីវមានគោលបំណងបញ្ចប់ការរៀបចំក្របខ័ណ្ឌបទប្បញ្ញត្តិ និងដាក់ចេញនូវបម្រាមនេះជាផ្លូវការក្នុងរយៈពេលមួយឆ្នាំ បន្ទាប់ពីឆ្លងកាត់ការពិគ្រោះយោបល់ជាសាធារណៈរួចរាល់។

គួររំលឹកថា ប្រទេសអូស្ត្រាលី បានក្លាយជាប្រទេសដំបូងគេ ដែលបានអនុវត្តច្បាប់រារាំងកុមារអាយុក្រោម ១៦ ឆ្នាំ មិនឱ្យចូលប្រើប្រាស់បណ្ដាញសង្គម កាលពីខែធ្នូ ឆ្នាំ ២០២៥។ បន្ទាប់មក ប្រទេសឥណ្ឌូនេស៊ី អនុវត្តក្នុងខែមីនា ដោយបានក្លាយជាប្រទេសដំបូងគេក្នុងតំបន់អាស៊ាន ដែលបានអនុម័តគោលនយោបាយស្រដៀងគ្នានេះ។ដោយឡែក ប្រទេសម៉ាឡេស៊ីក៏ទើបតែបានដាក់ចេញនូវបទប្បញ្ញត្តិថ្មីៗអនុវត្តច្បាប់នេះកាលពីថ្ងៃចន្ទ។ ប្រទេសនៅតំបន់អឺរ៉ុបមួយចំនួន រួមមាន ប្រទេសប៉ូឡូញ ដាណឺម៉ាក បារាំង អេស្ប៉ាញ ក្រិក និងចក្រភពអង់គ្លេស ក៏កំពុងពិចារណា ឬរៀបចំវិធានការស្រដៀងគ្នានេះ។

Khcct banner

អត្ថបទទាក់ទង