681 ezgif.com resize
Swift cc time

កម្ពុជា-គុយបា ប្រកាសបន្តគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ និងប្ដេជ្ញាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ យោងតាមលទ្ធផលនៃជំនួបពិភាក្សាការងាររវាង លោកស្រី និន សាផុន ប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-គុយបា ជាមួយ លោកស្រី Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតគុយបាកម្ពុជា នាព្រឹកថ្ងៃទី០២ ខែមិថុនានេះ នៅវិមានរដ្ឋសភា ភាគីកម្ពុជា និងគុយបា បានបង្ហាញជំហរបន្តគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ សំដៅថែរក្សា និងពូនជ្រំចំណងមិត្តភាពជាប្រពៃណីដែលមានអាយុកាលជាង ៦០ឆ្នាំ ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។

នៅក្នុងជំនួបនោះ លោកស្រី និន សាផុន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោកស្រីឯកអគ្គរដ្ឋទូតគុយបា។ លោកស្រីប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-គុយបា ក៏បានជម្រាបជូន លោកជំទាវឯកអគ្គរដ្ឋទូត អំពីបញ្ហាប្រឈមនាពេលថ្មីៗនេះ ពាក់ព័ន្ធនឹងការរំលោភបំពានពីសំណាក់ប្រទេសថៃមកលើកម្ពុជា ដោយលោកស្រីបានគូសបញ្ជាក់ថា បច្ចុប្បន្នភាគីថៃកំពុងព្យាយាមបំប្លែងស្ថានការណ៍ពី «សទៅជាខ្មៅ» បន្ថែមពីលើជម្លោះឈ្លានពានព្រំដែនគោក បន្តមកព្រំដែនទឹក ដោយសម្រេចលុបចោលអនុស្សរណៈនៃការយោគយល់គ្នា (MoU 2001) ជាឯកតោភាគី ពោលគឺថៃខ្លួនឯងជាអ្នកបង្កហេតុ និងរំលោភបំពានលើកម្ពុជា តែបែរជាតាំងខ្លួនប្រាប់បរទេសថា ជាប្រទេសរងគ្រោះទៅវិញ។

ជាការឆ្លើយតប លោកស្រី Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតគុយបា បានចែករំលែកនូវបច្ចុប្បន្នភាពថ្មីៗនៃស្ថានការណ៍នៅក្នុងប្រទេសគុយបា និងបានអះអាងពីជំហរគាំទ្រកម្ពុជាក្នុងនាមជាមិត្តដ៏ស្មោះត្រង់។ លោកជំទាវបានបញ្ជាក់ថា គុយបាប្តេជ្ញានឹងបន្តពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រនេះឱ្យកាន់តែសកម្ម និងរឹងមាំថែមទៀត ដើម្បីបម្រើដល់ផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ។

ទន្ទឹមនឹងនេះ លោកស្រីឯកអគ្គរដ្ឋទូត ក៏បានពាំនាំនូវការសួរសុខទុក្ខពីប្រធានរដ្ឋសភាគុយបា ជូនចំពោះ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ព្រមទាំងបានគោរពអញ្ជើញ លោកស្រី និន សាផុន ទៅចូលរួមក្នុងសន្និសីទអន្តរជាតិស្តីពី «បញ្ហាប្រឈមនៃមនុស្សជាតិ» (International Conference on the Dilemmas of Humanity) ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែសីហា ខាងមុខ នាទីក្រុងហាវ៉ាណា (Havana) ប្រទេសគុយបាផងដែរ។

លោកស្រី និន សាផុន បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូត និងសាមគ្គីភាពជាប្រពៃណីរវាងកម្ពុជា-គុយបា ដែលបានពូនជ្រំជាបន្តបន្ទាប់។ លោកស្រីបានសង្កត់ធ្ងន់ថា ទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ មិនត្រឹមតែផ្តល់គុណប្រយោជន៍សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ស្ថិរភាពនៅក្នុងតំបន់ និងលើពិភពលោក ដោយប្រទេសទាំងពីរនឹងបន្តថែរក្សា ក៏ដូចជាជួយគាំទ្រគ្នាទៅវិញទៅមកក្នុងគ្រប់កាលៈទេសៈទាំងអស់៕


Khcct banner

អត្ថបទទាក់ទង