វ៉ាស៊ីនតោន៖ សេតវិមានក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ បានប្រកាសតែងតាំង លោក Christopher Anderson មកពីរដ្ឋ Wisconsin ជាឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសផ្លូវការចេញពីសេតវិមាន។
ការតែងតាំងរូបលោកឱ្យមកដឹកនាំបេសកកម្មការទូតនៅរាជធានីភ្នំពេញនាពេលនេះ ធ្វើឡើងដើម្បីបន្តវេនពីប្រមុខទូតមុន ក្នុងគោលបំណងពង្រឹងទំនាក់ទំនងទ្វេភាគី ជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ និងបន្តកិច្ចសន្ទនាការទូតរវាងសហរដ្ឋអាម៉េរិក និងព្រះរាជាណាចក្រកម្ពុជា។
បន្ទាប់ពីការប្រកាសតែងតាំងពីរដ្ឋបាលប្រធានាធិបតី លោក Christopher Anderson នឹងត្រូវឆ្លងកាត់ដំណើរការសវនាការ និងការអនុម័តយល់ព្រមជាផ្លូវការពីព្រឹទ្ធសភាសហរដ្ឋអាម៉េរិក (U.S. Senate) មុននឹងឈានជើងមកបំពេញបេសកកម្មការទូតជាផ្លូវការនៅកម្ពុជា។ តាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា លោកនឹងបង្ហាញវត្តមាននៅក្នុងប្រទេសកម្ពុជា ទាន់ពេលវេលាសម្រាប់ពិធីអបអរសាទរទិវាឯករាជ្យជាតិលើកទី ២៥០ របស់សហរដ្ឋអាម៉េរិក នាថ្ងៃ៤ កក្កដា ២០២៦ ខាងមុខនេះផងដែរ៕