ភ្នំពេញ៖ ព្រឹទ្ធសភាកម្ពុជា ប្រកាសញ្ញត្តិគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជូនដំណឹងទៅភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការយន្តការផ្សះផ្សារដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បន្ទាប់ពីការដកខ្លួនរបស់ភាគីថៃ ពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ដែលជា មូលដ្ឋានគតិយុត្តិតែមួយគត់សម្រាប់ការចរចាទ្វេភាគីស្វែងរកដំណោះស្រាយដោយសន្តិវិធី លើការទាមទារ ដែនសមុទ្រត្រួតស៊ីគ្នារវាងប្រទេសទាំងពីរ អស់រយៈពេលជាង ២៥ ឆ្នាំកន្លងមកនេះ។
បើតាមសេចក្តីប្រកាស ព្រឹទ្ធសភាជឿជាក់ថា ការអនុវត្តយន្តការផ្សះផ្សារដោយបង្ខំនេះ គឺជាជំហានស្របច្បាប់ ប្រកប ដោយសុឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ ក្នុងការបន្តស្វែងរកដំណោះស្រាយដោយសន្តិវិធី និងយុត្តិធម៌ នៅចំពោះមុខអន្តរជាតិ បន្ទាប់ពីក្របខណ្ឌទ្វេភាគីក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីរវាងប្រទេសទាំងពីរ ត្រូវបានប្រើប្រាស់អស់លទ្ធភាព។
ព្រឹទ្ធសភាសង្ឃឹមជឿជាក់ថា យន្តការផ្សះផ្សារដោយបង្ខំនេះ នឹងរួមចំណែកបង្កើតលក្ខខណ្ឌ អំណោយផលសម្រាប់ការសម្រេចបាននូវដំណោះស្រាយមួយ ប្រកបដោយយុត្តិធម៌ តម្លាភាព និងចីរភាព សំដៅរក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីជាប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ។
នៅក្នុងស្មារតីនេះ ព្រឹទ្ធសភាបានសម្តែងនូវសេចក្ដីសង្ឃឹមយ៉ាងមុតមាំថា ភាគីម្ខាងទៀតនឹង ប្រកាន់ខ្ជាប់ឆន្ទៈនៃការចូលរួមយន្តការនេះ ដែលជាការលើកកម្ពស់កិច្ចសន្ទនាដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ នៅក្នុងការដោះស្រាយការទាមទារដែនសមុទ្រត្រួតស៊ីគ្នារវាងប្រទេសទាំងពីរ។
ជាមួយគ្នានេះ ព្រឹទ្ធសភាអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន បន្តរក្សាសាមគ្គីភាពជាតិ និង ជឿជាក់លើការដឹកនាំ និងចំណាត់ការរបស់រាជរដ្ឋាភិបាល ព្រមទាំងគាំទ្រកិច្ចខិតខំប្រឹងប្រែងនានាក្នុង ការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសិទ្ធិស្របច្បាប់របស់កម្ពុជា ដោយផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ សន្តិវិធី និងកិច្ចសហប្រតិបត្តិការ។
ព្រឹទ្ធសភាបញ្ជាក់សារជាថ្មីថា ការគោរពគោលការណ៍នីតិរដ្ឋ នយោបាយអ្នកជិតខាងល្អ និងការដោះស្រាយវិវាទដោយសន្តិវិធី នៅតែជាមាគ៌ាដ៏គួរឱ្យទុកចិត្តបំផុតឆ្ពោះទៅរកសន្តិភាព ស្ថិរភាព និងវិបុលភាពយូរអង្វែងនៅក្នុងតំបន់៕