គូឡាឡាំពួរ៖ ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃច័ន្ទ បានចាប់ផ្តើមអនុវត្តច្បាប់រឹតបន្តឹងថ្មី ដោយហាមឃាត់កុមារដែលមានអាយុក្រោម ១៦ ឆ្នាំ មិនឱ្យបង្កើត និងកាន់កាប់គណនីបណ្តាញសង្គមឡើយ ដែលនេះជាផ្នែកមួយនៃកិច្ចប្រឹងប្រែងជាសកល ក្នុងការរឹតបន្តឹងសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិតសម្រាប់អ្នកប្រើប្រាស់វ័យក្មេង។ ច្បាប់នេះតម្រូវឱ្យបណ្តាញសង្គមធំៗដែលមានអ្នកប្រើប្រាស់ចាប់ពី ៨ លាននាក់ឡើងទៅ ដូចជា Facebook, Instagram, TikTok និង YouTube ត្រូវបង្កើតប្រព័ន្ធផ្ទៀងផ្ទាត់អាយុ និងរារាំងគណនីកុមារមិនទាន់គ្រប់អាយុ ។ក្រុមហ៊ុនណាដែលខកខានមិនបានអនុវត្តតាម អាចប្រឈមនឹងការផាកពិន័យរហូតដល់ ១០ លានរីងហ្គីត (ប្រហែល ២,៥ លានដុល្លារ)។
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Kyodo News អាណាព្យាបាលដែលកូនៗលបលួចបង្កើតគណនីនឹងមិនត្រូវរងការផាកពិន័យនោះទេ។ រដ្ឋាភិបាលម៉ាឡេស៊ីបានបញ្ជាក់ថា វិធានការនេះធ្វើឡើងក្នុងគោលបំណងការពារកុមារពីមាតិកាគ្រោះថ្នាក់ ការបៀតបៀនតាមអ៊ីនធឺណិត (Cyberbullying) និងទប់ស្កាត់ការជក់ប្រើប្រាស់បណ្ដាញសង្គមហួសកម្រិត។
ជាការឆ្លើយតបក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta បានព្រមានថា ការហាមឃាត់ទាំងស្រុងបែបនេះអាចនឹងជះឥទ្ធិពលអវិជ្ជមាន ដោយរុញច្រានក្មេងៗជំទង់ឱ្យទៅប្រើប្រាស់កម្មវិធីដែលគ្មានការត្រួតពិនិត្យ និងប្រកបដោយគ្រោះថ្នាក់ជាងមុនវិញ។ ចំណែកក្រុមអ្នកជំនាញផ្នែកវិទ្យាសាស្ត្រសង្គមបានលើកឡើងថា ការរឹតបន្តឹងដោយផ្អែកលើអាយុនេះ មិនទាន់បង្ហាញពីប្រសិទ្ធភាពច្បាស់លាស់នៅឡើយទេ ហើយការមិនដាក់ទណ្ឌកម្មលើអាណាព្យាបាល អាចក្លាយជាចន្លោះប្រហោងដ៏ធំមួយ ដែលធ្វើឱ្យច្បាប់ថ្មីនេះមិនអាចទប់ស្កាត់កុមារពីការប្រើប្រាស់បណ្តាញសង្គមបានពេញលេញនោះឡើយ។
ទោះជាទទួលបានការគាំទ្រពីមាតាបិតាជាច្រើនក្តី វិធានការនេះក៏បានបង្កឱ្យមានការព្រួយបារម្ភជុំវិញបញ្ហាឯកជនភាពទិន្នន័យផងដែរ ព្រោះប្រព័ន្ធផ្ទៀងផ្ទាត់អាយុអាចនឹងតម្រូវឱ្យមានការប្រើប្រាស់អត្តសញ្ញាណប័ណ្ណដែលចេញដោយរដ្ឋាភិបាល៕