681 ezgif.com resize
Swift cc time

យន្តហោះមួយគ្រឿងបង្ខំចិត្តចុះចតបន្ទាន់ ក្រោយមានប្លូធូមួយដាក់ឈ្មោះថា«គ្រាប់បែក»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ញូវយ៉ក៖ ជើងហោះហើរមួយរបស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines ដែលធ្វើដំណើរចាកចេញពីព្រលានយន្តហោះអន្តរជាតិ Newark Liberty ឆ្ពោះទៅកាន់ទីក្រុង Palma de Mallorca ប្រទេសអេស្ប៉ាញ ត្រូវបានបង្ខំចិត្តបង្វែរក្បាលត្រឡប់មកក្រោយវិញទាំងកណ្តាលអាធ្រាត្រកាលពីថ្ងៃសៅរ៍ ទី៣០ ឧសភា ក្រោយមានការសង្ស័យអំពីការគំរាមកំហែងផ្នែកសន្តិសុខ បន្ទាប់ពីមានមនុស្ស ដាក់ឈ្មោះប្លូធូពាក្យមានអក្សរ ៤ តួថាគ្រាប់បែក (BOMB) ។

យោងតាមការចុះផ្សាយរបស់កាសែត CBS News យន្តហោះប្រភេទ Boeing 767 ដែលមានផ្ទុកអ្នកដំណើរ ១៩០ នាក់ និងក្រុមការងារយន្តហោះ ១២ នាក់មួយនេះ បានចាកចេញពីសហរដ្ឋអាម៉េរិកនៅម៉ោងប្រហែល ៦ ល្ងាច អាជ្ញាធរកំពង់ផែញូវយ៉ក និងញូវជឺស៊ី (Port Authority) អះអាងថាយន្តហោះនេះបានហោះត្រឡប់មកចុះចតនៅព្រលានយន្តហោះ Newark វិញនៅម៉ោង ៩:៣៧ នាទីយប់។ តាមរយៈសំឡេងកត់ត្រានៃការសន្ទនារបស់ផ្នែកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ក្រុមសន្តិសុខតម្រូវឱ្យធ្វើការត្រួតពិនិត្យយន្តហោះទាំងមូល បន្ទាប់ពីមាននរណាម្នាក់បានដាក់ឈ្មោះឧបករណ៍ Bluetooth របស់ខ្លួនជា «ពាក្យមានអក្សរ ៤ តួ» ដែលបង្កឱ្យមានការសង្ស័យ និងក្តីព្រួយបារម្ភខ្លាំងពីសុវត្ថិភាព។

បើតាមការរៀបរាប់របស់អ្នកដំណើរម្នាក់នៅលើបណ្តាញសង្គម ក្រុមការងារលើយន្តហោះបានប្រកាសសុំឱ្យអ្នកដំណើរទាំងអស់បិទឧបករណ៍ Bluetooth ជាច្រើនដង ប៉ុន្តែនៅតែមានឧបករណ៍ចំនួន ២ មិនព្រមបិទ។ ក្រោយការពិភាក្សាយ៉ាងម៉ត់ចត់ជាមួយការិយាល័យកណ្តាលរបស់ក្រុមហ៊ុនអាកាសចរណ៍នៅទីក្រុង Chicago ភ្នាក់ងារបញ្ជាហោះហើរក៏បានសម្រេចចិត្តបកក្រោយតែម្តង។

ក្រោយពេលចុះចតភ្លាម អ្នកដំណើរទាំងអស់ត្រូវបានជម្លៀសចេញពីយន្តហោះ ដើម្បីឱ្យប៉ូលិសអាជ្ញាធរកំពង់ផែធ្វើការឆែកឆេរ រួមទាំងតម្រូវឱ្យឆ្លងកាត់ការពិនិត្យសន្តិសុខឡើងវិញពីសំណាក់ទីភ្នាក់ងារ TSA និងមន្ត្រីគយ និងការពារព្រំដែនយ៉ាងតឹងរ៉ឹងបំផុត។ បន្ទាប់ពីស្ថានភាពត្រូវបានគ្រប់គ្រង អ្នកដំណើរទាំងអស់ត្រូវបានប្តូរឱ្យទៅជិះយន្តហោះជំនួសវិញ ជាមួយក្រុមការងារថ្មី ហើយបានចាកចេញដោយសុវត្ថិភាពនៅព្រឹកព្រលឹមថ្ងៃអាទិត្យ រួចបានទៅដល់គោលដៅនៅប្រទេសអេស្ប៉ាញកាលពីរសៀលថ្ងៃដដែល។

គួរបញ្ជាក់ថា នេះជាឧប្បត្តិហេតុចុងក្រោយបង្អស់របស់ United Airlines ក្នុងខែនេះ បន្ទាប់ពីករណីបង្វែរទិសដៅព្រោះអ្នកដំណើរបង្កជម្លោះ និងករណីយន្តហោះបុកឡានសណ្តោងកាលពីដើមខែឧសភា។ តាមរដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) គិតត្រឹមដើមឆ្នាំ ២០២៦ នេះ មានរបាយការណ៍អ្នកដំណើរបង្កភាពវឹកវរលើយន្តហោះសរុបជាង ៦៤០ ករណីរួចមកហើយ៕

Khcct banner

អត្ថបទទាក់ទង