ភ្នំពេញ៖ អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា នាថ្ងៃទី១ មិថុនា បានប្រារព្ធខួប ៥៦ឆ្នាំ នៃការជួយគាំទ្រដល់កុមារ និងសហគមន៍ ដោយបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏យូរអង្វែង ក្នុងការធានាថាកុមារគ្រប់រូប នឹងធំធាត់ឡើងប្រកបដោយសុខភាពល្អ ទទួលបានការអប់រំ ការការពារ និងទទួលបានសិទ្ធិអំណាច ដើម្បីសម្រេចបាននូវសក្តានុពលពេញលេញ។
ចាប់តាំងពីឆ្នាំ ១៩៧០មក អង្គការទស្សនៈពិភពលោក បានឈរជាមួយប្រជាជនកម្ពុជា ក្នុងបេសកកម្មដើម្បីលើកកម្ពស់សុខុមាលភាពរបស់កុមារ គ្រួសារ និងសហគមន៍ងាយរងគ្រោះ។ ការរួមចំណែកដំបូងរបស់អង្គការ រួមមានការសាងសង់មន្ទីរពេទ្យកុមារជាតិ នៅក្នុងទសវត្សរ៍ ១៩៧០ មុនពេលការឡើងកាន់កាប់អំណាចរបស់ខ្មែរក្រហម ហើយបន្តការគាំទ្រជាច្រើនទសវត្សរ៍ទៀតដោយឆ្លងកាត់ជម្លោះ ការស្តារឡើងវិញ និងការអភិវឌ្ឍ។ ចាប់ពីជំនួយសង្គ្រោះបន្ទាន់ក្នុងគ្រាមានវិបត្តិ រហូតដល់កម្មវិធីដែលជំរុញដោយសហគមន៍រយៈពេលវែង ដំណើររបស់អង្គការទស្សនៈពិភពលោក ឆ្លុះបញ្ចាំងពីភាពធន់ និងវឌ្ឍនភាពគួរឱ្យកត់សម្គាល់របស់ប្រទេសកម្ពុជា។
នៅក្នុងឆ្នាំ ២០២៥ អង្គការទស្សនៈពិភពលោកកម្ពុជា បានផ្តល់ផលវិជ្ជមានដល់ប្រជាពលរដ្ឋចំនួនជាង ៥,៤ លាននាក់ រួមមានកុមារ ៣,១ លាននាក់ ដែលស្មើនឹងជិតមួយភាគបីនៃចំនួនប្រជាជនសរុបនៅក្នុងប្រទេស — នៅទូទាំង ២០ ខេត្ត និងរាជធានីភ្នំពេញ ដែលគ្របដណ្តប់លើ ៨៤ ភាគរយនៃផ្ទៃប្រទេស ។ កម្មវិធី ទាំងនោះបានប្រតិបត្តិការនៅក្នុង ៦៥ ភាគរយ នៃឃុំ/សង្កាត់ចំនួន ១.០៧១ របស់កម្ពុជា ដែលមានស្រុក/ខណ្ឌចំនួន ១២៨ គាំទ្រដល់មណ្ឌលសុខភាពចំនួន ៨៦៨ និងសាលាបឋមសិក្សាចំនួន ៤.៨៦១ ។
អស់រយៈពេលជាងប្រាំទសវត្សរ៍មកនេះ អង្គការទស្សនៈពិភពលោក បានអនុវត្តកម្មវិធីផ្តោតលើវិស័យសំខាន់ៗ រួមមាន វិស័យអប់រំ សុខាភិបាល និងអាហារូបត្ថម្ភ ការការពារកុមារ ទឹកស្អាត និងអនាម័យ (WASH) ជីវភាពរស់នៅនិងភាពធន់នឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងបរិយាបន្នសង្គម។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានពង្រឹងប្រព័ន្ធ ព្រមទាំងពង្រឹងអំណាចដល់សហគមន៍ក្នុងការដឹកនាំការអភិវឌ្ឍដោយខ្លួនឯង។ គិតចាប់តាំងពីការបង្កើត រហូតមកទល់ពេលនេះ អង្គការទស្សនៈពិភពលោក បានវិនិយោគទឹកប្រាក់ចំនួនជាង ៦៥០ លានដុល្លារអាមេរិក ដែលរួមចំណែកដល់ការកែលម្អយូរអង្វែងនៃសុខុមាលភាពកុមារ៕