Swift cc time

ភារធារីស្ថានទូតអាម៉េរិក ចុះពិនិត្យជំនួយសុខាភិបាលអាម៉េរិកសម្រាប់ជនភៀសសឹកកម្ពុជា នៅខេត្តសៀមរាប និងបន្ទាយមានជ័យ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
ប្រភពរូបភាព៖ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា

ភំ្នពេញ៖ លោកស្រី Aleks Zittle ភារធារីស្ថានទូតអាម៉េរិកនៅកម្ពុជា កាលពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកញ្ញា បានចុះពិនិត្យមើលការប្រើប្រាស់ជំនួយរបស់សហរដ្ឋអាម៉េរិក ដើម្បីពង្រឹងសន្តិសុខ សុខាភិបាល គាំទ្រសហគមន៍ដែលកំពុងស្តារឡើងវិញដោយសារជម្លោះតាមព្រំដែន នៅខេត្តសៀមរាប និងបន្ទាយមានជ័យ ខណៈពង្រឹងទំនាក់ទំនងរវាង សហរដ្ឋអាម៉េរិក និងកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី Aleks Zittle បានទៅកាន់ប៉ុស្តិ៍សុខភាពមួយរបស់អង្គការទស្សនៈពិភពលោក ដែលកំពុងផ្តល់សេវាសុខា ភិបាលចាំបាច់ដល់ស្ត្រីមានផ្ទៃពោះ ម្តាយ និងទារកទើបនឹងកើត ដែលបានផ្លាស់ទីលំនៅដោយសារជម្លោះតាមព្រំដែន។ លោកស្រីភារធារី Zittle ក៏បានចុះពិនិត្យគម្រោងចំនួនពីរ ដែលអនុវត្តដោយអង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំកម្ពុជា (IOM) រួមមាន កម្មវិធីផ្តល់ទីជម្រក និងជីវភាពរស់នៅ ដែលបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋជាង ១០,០០០នាក់ ដែលរងផលប៉ះពាល់ដោយសង្គ្រាម និងត្រូវបានផ្លាស់ទីលំនៅ។

ក្នុងខេត្តបន្ទាយមានជ័យ លោកស្រី Zittle ក៏បានជួបជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីពិភាក្សាអំពីការងាររបស់ក្រុមនេះក្នុងការផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់តាមបណ្តោយ ព្រំដែនកម្ពុជា-ថៃ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសន្តិភាពដែលទទួលបានក្រោមកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ។ ក្នុងខេត្តសៀមរាប លោកស្រី Zittle បានចុះទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីពិនិត្យមើលពីរបៀបដែលជំនួយរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិកកំពុងពង្រឹងសមត្ថភាពរបស់កម្ពុជានៅជួរមុខ ក្នុងការរកឃើញ រាយការណ៍ និងឆ្លើយតបចំពោះការគំរាមកំហែងពីជំងឺឆ្លង។

ទន្ទឹមនឹងនេះ លោកស្រីភារធារី Zittle បានប្រកាសអំពី គម្រោងថ្មីរបស់អាម៉េរិក ដែលមានទឹកប្រាក់ ៣ លានដុល្លារ និងរយៈពេល ៣ ឆ្នាំ ផ្តល់ជូនអង្គការ APOPO ដើម្បីបោសសម្អាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាម នៅខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តមណ្ឌលគិរី។ ក្នុងការប្រកាសនេះ លោកស្រី Zittle បានមានប្រសាសន៍ថា៖ «សហរដ្ឋអាម៉េរិកនឹងធ្វើការរួមគ្នាជាមួយកម្ពុជា ដើម្បីដកចេញនូវគ្រាប់បង្កគ្រោះថ្នាក់ដល់ជីវិតទាំងនេះ និង ប្រគល់ដីជូនសហគមន៍វិញ ដើម្បីឱ្យដីទាំងនោះអាចគាំទ្រដល់លំនៅដ្ឋាន កសិកម្ម និងបង្កើតឱកាសសេដ្ឋ កិច្ចបានជាថ្មីម្តងទៀត»៕


Khcct banner

អត្ថបទទាក់ទង