681 ezgif.com resize
Swift cc time

ប៉ូលីសហ្វីលីពីន ចាប់ខ្លួនសមាជិកព្រឹទ្ធសភាម្នាក់ ពីបទ «ប្លន់ទ្រព្យសម្បត្តិរដ្ឋ»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ម៉ានីល៖ កម្លាំងសមត្ថកិច្ចហ្វីលីពីន នៅថ្ងៃទី០១ ខែមិថុនានេះ បានសម្រេចចាប់ខ្លួនសមាជិកព្រឹទ្ធសភា លោក Jose "Jinggoy" Estrada ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយដ៏ធំក្នុងគម្រោងការពារទឹកជំនន់ ដែលមានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ និងធ្លាប់បានបង្កឱ្យមានបាតុកម្មទ្រង់ទ្រាយធំនៅក្នុងប្រទេស។

យោងតាមការចេញផ្សាយរបស់កាសែតCNA លោក Estrada ត្រូវជាកូនប្រុសរបស់អតីតប្រធានាធិបតីហ្វីលីពីន លោក Joseph Estrada រងការចោទប្រកាន់ពីបទ «ប្លន់ទ្រព្យសម្បត្តិរដ្ឋ» (Plunder) បន្ទាប់ពីព្រះរាជអាជ្ញារកឃើញថា លោកបានលួចបញ្ចូលកញ្ចប់ថវិកាការពារទឹកជំនន់ទៅក្នុងកញ្ចប់ថវិកាជាតិឆ្នាំ២០២៥ ដើម្បីកិបកេងប្រាក់សំណូកជាង ៥៧៣លានភេសូ (ប្រហែល ៩,២លានដុល្លារអាម៉េរិក)។

បទល្មើសកម្រិតធ្ងន់ធ្ងរនេះ ត្រូវប្រឈមនឹងទោសជាប់ពន្ធនាគារអស់មួយជីវិត និងមិនត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំបណ្តោះអាសន្នឡើយ។ ជាការឆ្លើយតប លោក Estrada បានច្រានចោលការចោទប្រកាន់នេះថាជាល្បិចកលនយោបាយ។

ករណីពុករលួយលើគម្រោងការពារទឹកជំនន់នេះ បានបង្កការខឹងសម្បារយ៉ាងខ្លាំងពីពលរដ្ឋ ដោយសារហ្វីលីពីនជាប្រទេសដែលតែងតែរងការវាយប្រហារបំផ្លិចបំផ្លាញពីខ្យល់ព្យុះជារៀងរាល់ឆ្នាំ។

ការចាប់ខ្លួនលោក Estrada រួមផ្សំនឹងការរត់គេចខ្លួនរបស់សមាជិកព្រឹទ្ធសភាម្នាក់ទៀត គឺលោក Ronald Dela Rosa ដែលកំពុងរងដីកាចាប់ខ្លួនពីតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នឹងធ្វើឱ្យពួកគេបាត់បង់សិទ្ធិធ្វើជាចៅក្រមនៅក្នុងសវនាការរបស់ព្រឹទ្ធសភានៅខែក្រោយ។ សវនាការដ៏សំខាន់នេះ គឺធ្វើឡើងដើម្បីកាត់ទោសសម្ព័ន្ធមិត្តរបស់ពួកគេ គឺអនុប្រធានាធិបតី លោកស្រី Sara Duterte ជុំវិញការចោទប្រកាន់ពីបទពុករលួយ លាក់បាំងទ្រព្យសម្បត្តិខុសច្បាប់ និងរៀបចំផែនការធ្វើឃាតប្រធានាធិបតីបច្ចុប្បន្ន លោក Ferdinand Marcos។

Khcct banner

អត្ថបទទាក់ទង