681 ezgif.com resize
Swift cc time

ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl របស់កម្ពុជា ត្រូវបានដាក់ប្រើប្រាស់ជាផ្លូវការនៅទីម័រឡេស្តេ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ទីម័រឡេស្តេ៖ សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នាថ្ងៃទី១ មិថុនានេះ បានប្រកាសប្រើប្រាស់ជាផ្លូវការនូវថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl របស់កម្ពុជា ក្នុងប្រទេសទីម័រឡេស្តេ ដែលជាសមិទ្ធផលនៃការអនុវត្ត “អនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងបរិវត្តកម្មឌីជីថល” រវាងប្រទេសទាំងពីរ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ កន្លងទៅ ដែលបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការប្រើប្រាស់បច្ចេកវិទ្យាជាឃ្នាស់ ដើម្បីធ្វើឱ្យប្រសើរឡើងការផ្តល់សេវាសាធារណៈ និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល។

នាថ្ងៃទី១ មិថុនា លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានចូលរួម “ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl របស់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ” ជាមួយលោក Miguel Marques Gonçalves Manetelu រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ។

ទីម័រឡេស្តេ បានសម្រេចជ្រើសរើសយកបណ្ណបើកបរ ជាឯកសារទី១ ក្នុងការដាក់បញ្ចូល QR Code ដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាល verify.gov.tl ដែលការសម្រេចចិត្តនេះបានជួយឱ្យក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេកាត់បន្ថយថ្លៃចំណាយក្នុងការផលិតបណ្ណរឹងដែលមានតម្លៃ ៤ (បួន) ដុល្លារអាម៉េរិក មកសល់ត្រឹមតែ ០,១ (សូន្យក្បៀសមួយ) ដុល្លារអាម៉េរិកប៉ុណ្ណោះ។

ទន្ទឹមនឹងនេះ ក្រុមការងារបច្ចេកទេសនៃក្រសួងទាំងពីរ នឹងបន្តកិច្ចសហប្រតិបត្តិការក្នុងការពង្រីកការដាក់ឱ្យប្រើប្រាស់ថ្នាល verify.gov.tl លើឯកសារសាធារណៈផ្លូវការដែលចេញដោយក្រសួង ស្ថាប័នពាក់ព័ន្ធនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ រួមមាន សញ្ញាបត្រអប់រំ និងឯកសារចុះបញ្ជីអត្រានុកូលដ្ឋានជាដើម ដែលការសម្រេចប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl ត្រូវបានទទួលការឯកភាពនិងការគាំទ្រពីគណៈរដ្ឋមន្រ្តីនៃសាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រឡេស្តេផងដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះប្រទេសកម្ពុជាក៏បានដាក់ QR Code ដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាល verify.gov.kh នៅលើបណ្ណបើកបរដែលអនុញ្ញាតឱ្យអ្នកបើកបរយានយន្តទាំងអស់អាចប្រើប្រាស់ បណ្ណបើកបរទម្រង់ឌីជីថលបានយ៉ាងទូលំទូលាយ និងជាផ្លូវការដើម្បីបង្ហាញដល់ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធនានា ដោយចំណាយពេលស្នើសុំតិចជាង ១នាទី នៅលើកម្មវិធី DG SuperApp ដោយធ្វើការ Logon តាមរយៈថ្នាល dgconnect ហើយ ក.ប.ទ. នឹងសហការជាមួយក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ដើម្បីចែករំលែកបទពិសោធនេះជូនសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេបន្តទៀត៕

Khcct banner

អត្ថបទទាក់ទង