ហាណូយ៖ រដ្ឋាភិបាលវៀតណាម នៅថ្ងៃទី០១ ខែមិថុនានេះ បានប្រកាសជាផ្លូវការថានឹងដោះលែងអ្នកទោសជិត ១០,០០០នាក់ រួមទាំងជនបរទេស ដើម្បីអបអរសាទរភាពជោគជ័យនៃការបោះឆ្នោតសភាជាតិ និងមហាសន្និបាតបក្សកុម្មុយនីស្តដែលទើបតែបានបញ្ចប់ទៅថ្មីៗនេះ។ ជាទូទៅ ប្រទេសកាន់របបកុម្មុយនីស្តមួយនេះ តែងតែប្រកាសលើកលែងទោសជាឱឡារិក មុនពេលព្រឹត្តិការណ៍ពិសេសៗ ឬពិធីបុណ្យជាតិធំៗឈានចូលមកដល់។នេះបើតាមការចេញផ្សាយរបស់កាសែតThe Star។
យោងតាមក្របខណ្ឌនៃការលើកលែងទោសប្រចាំឆ្នាំ២០២៦ ឯកសារដែលបានចុះហត្ថលេខាដោយប្រធានាធិបតីវៀតណាម លោក តូ ឡាំ បានបញ្ជាក់ថា ទណ្ឌិតសរុបចំនួន ៩,៩៥០នាក់ នឹងត្រូវទទួលបានសេរីភាពឡើងវិញនៅដើមខែមិថុនានេះ។
លោកនាយឧត្តមសេនីយ៍ទោ Le Van Tuyen អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈវៀតណាម បានពន្យល់ថា ការលើកលែងទោសនេះគឺជាសប្បុរសធម៌ពិសេសរបស់រដ្ឋ សម្រាប់ទណ្ឌិតដែលកំពុងអនុវត្តទោសកំណត់អាណត្តិ ទោសមួយជីវិតដែលត្រូវបានបន្ធូរបន្ថយ និងបុគ្គលដែលត្រូវបានព្យួរទោសបណ្តោះអាសន្ន។ លោកបានសង្កត់ធ្ងន់ថា ដំណើរការពិនិត្យត្រូវបានធ្វើឡើងយ៉ាងហ្មត់ចត់ ចំហ និងតម្លាភាពបំផុត តាមរយៈការវាយតម្លៃច្រើនដំណាក់កាល ចាប់តាំងពីកម្រិតពន្ធនាគារ រហូតដល់ការអនុម័តចុងក្រោយពីក្រុមប្រឹក្សាប្រឹក្សាយោបល់។
ជាការកត់សម្គាល់ នៅក្នុងចំណោមអ្នកទោសជិត ១ម៉ឺននាក់ដែលត្រូវដោះលែងនោះ ក៏មានទណ្ឌិតចំនួន ១៣៣នាក់ ផ្ដន្ទាទោសក្នុងសំណុំរឿងពុករលួយធំៗ ដែលស្ថិតក្រោមការតាមដានយ៉ាងដិតដល់ពីសំណាក់គណៈកម្មាធិការដឹកនាំមជ្ឈិមសម្រាប់ការបង្ការ និងបង្ក្រាបអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអសកម្ម។
ក្រៅពីនេះ បញ្ជីលើកលែងទោសក៏រួមបញ្ចូលទាំងទណ្ឌិតចំនួន ៦៤៤នាក់ ដែលបានប្រព្រឹត្តបទល្មើសពាក់ព័ន្ធនឹងការរំលោភលើបទប្បញ្ញត្តិសេដ្ឋកិច្ច ព្រមទាំងជនបរទេសចំនួន ៦៣នាក់ (បុរស ៥៦នាក់ និងស្ត្រី ៧នាក់)។លោក Tuyen បញ្ជាក់ថា ឱ្យតែទណ្ឌិតទាំងនោះបំពេញតាមលក្ខខណ្ឌច្បាប់កំណត់ច្បាស់លាស់ ពួកគេសុទ្ធតែមានសិទ្ធិទទួលបានការអនុគ្រោះ ដូចជាអ្នកទោសដទៃទៀតដែរ។
គួររំលឹកថា កាលពីឆ្នាំមុន វៀតណាមបានដោះលែងអ្នកទោសរហូតដល់ជាង ២២,០០០នាក់ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេលមួយឆ្នាំ ខណៈពេលដែលប្រទេសនេះប្រារព្ធខួបលើកទី៥០ នៃទិវារំដោះទីក្រុងសៃហ្គន (Saigon) និងខួបលើកទី៨០ នៃទិវាប្រកាសឯករាជ្យជាតិ។