681 ezgif.com resize
Swift cc time

ផ្ទុះអគារមួយកន្លែងនៅមីយ៉ាន់ម៉ា សម្លាប់មនុស្សយ៉ាងហោច៤៥នាក់រួមទាំងកុមារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

មីយ៉ាន់ម៉ា៖ ផ្ទុះអគារស្តុកគ្រឿងផ្ទុះសម្រាប់បម្រើឱ្យវិស័យរ៉ែមួយក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី៣១ ខែឧសភា បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៤៥នាក់បាត់បង់ជីវិត និងប្រហែល ៧០នាក់ផ្សេងទៀតរងរបួស។ គ្រោះថ្នាក់ដ៏រន្ធត់នេះ បានកើតឡើងនៅភូមិ Kaungtup ស្រុក Namhkam ភាគឦសាននៃប្រទេសមីយ៉ាន់ម៉ា ដែលមានចម្ងាយប្រហែល ៣គីឡូម៉ែត្រ ភាគខាងត្បូងព្រំដែនចិន ដោយតំបន់នោះបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពរំដោះជាតិ តាអាង (TNLA) ដែលជាក្រុមប្រដាប់អាវុធជនជាតិភាគតិច។

យោងតាមការបញ្ជាក់ពីភ្នាក់ងារសង្គ្រោះ និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក សាកសពជនរងគ្រោះ រួមទាំងកុមារតូចៗ ត្រូវបានប្រមូលយកទៅធ្វើបុណ្យបូជា ខណៈអ្នករងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យស្រុក។ ក្រៅពីបង្កឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់ ឥទ្ធិពលនៃការផ្ទុះនេះ ក៏បានបំផ្លិចបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនៅក្បែរនោះអស់ជាង ១០០ខ្នង យ៉ាងដំណំផងដែរ។

ជាការឆ្លើយតប ក្រុមកងទ័ពរំដោះជាតិ តាអាង (TNLA) បានចេញសេចក្តីថ្លែងការណ៍ទទួលស្គាល់ថា គ្រឿងផ្ទុះប្រភេទសេលីនីត (Gelignite) ទាំងនោះ គឺត្រូវបានរក្សាទុកដោយក្រុមការងារផ្នែកសេដ្ឋកិច្ចរបស់ក្រុមខ្លួន សម្រាប់ប្រើប្រាស់ក្នុងដំណើរការការដ្ឋានរ៉ែ និងការដ្ឋានវាយថ្ម។ បច្ចុប្បន្ន ក្រុមការងារកងទ័ព កំពុងបន្តបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកមូលហេតុពិតប្រាកដដែលបង្កឱ្យមានការផ្ទុះនេះ។

គួររំលឹកថា ក្រុម TNLA គឺជាសមាជិកដ៏សំខាន់មួយនៃសម្ព័ន្ធមិត្តប្រដាប់អាវុធប្រឆាំងនឹងរបបសឹកមីយ៉ាន់ម៉ា ដោយពួកគេបានវាយដណ្តើម និងគ្រប់គ្រងស្រុក Namhkam នេះ តាំងពីចុងឆ្នាំ២០២៣ មកម្ល៉េះ។ ទោះបីជាមានការចរចាឈប់បាញ់គ្នាក្រោមការសម្របសម្រួលពីប្រទេសចិនកាលពីខែតុលាឆ្នាំមុនក៏ដោយ ប៉ុន្តែស្ថានភាពសន្តិសុខទូទៅនៅក្នុងប្រទេសមីយ៉ាន់ម៉ានៅតែបន្តស្ថិតក្នុងភាពវឹកវរ និងមានជម្លោះប្រដាប់អាវុធរីករាលដាលយ៉ាងខ្លាំង ចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ២០២១ មក៕

Khcct banner

អត្ថបទទាក់ទង