សេអ៊ូល៖ ផ្ទុះគ្រាប់មិនទាន់ស្គាល់អត្តសញ្ញាណនៅក្នុងរោងចក្រមួយកន្លែលដែលដំណើរការដោយក្រុមហ៊ុនការពារជាតិកូរ៉េខាងត្បូង Hanwha Aerospace បានសម្លាប់មនុស្ស ៥ នាក់ និងមានអ្នករងរបួសជាច្រើននាក់ទៀត។ មន្រ្តីកូរ៉េខាងត្បូងបានអះអាងនៅថ្ងៃច័ន្ទនេះថាការផ្ទុះនេះត្រូវបានរាយការណ៍កើតឡើងនៅម៉ោង ១១ ព្រឹក នៅរោងចក្រ Hanwha ក្នុងទីក្រុង Daejeon ចម្ងាយប្រហែល ១៥០ គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុងសេអ៊ូល។
យោងតាមមន្ត្រីពន្លត់អគ្គីភ័យម្នាក់បាននិយាយថា អ្នករស់រានមានជីវិតពីរនាក់ រួមទាំងម្នាក់ដែលរលាកយ៉ាងធ្ងន់ធ្ងរ បានរត់គេចខ្លួនចេញពីរោងចក្រដោយខ្លួនឯង មន្ត្រីសុខាភិបាលម្នាក់បានប្រាប់សន្និសីទសារព័ត៌មានដដែលថាអាជ្ញាធរមិនទាន់កំណត់អត្តសញ្ញាណជនរងគ្រោះនៅឡើយទេ ព្រោះសាកសពរបស់ពួកគេត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ។ អាជ្ញាធរមិនអាចទទួលបានប្លង់រោងចក្រ និងកន្លែងដែលបានផ្ទុះនៅឡើយនោះទេ ព្រោះវាត្រូវបានការពារក្រោមច្បាប់សន្តិសុខជាតិ។
តំណាងក្រុមហ៊ុន Hanwha បានបញ្ជាក់ថាក្នុងកាលៈទេសៈដ៏លំបាកនេះការខូចខាតមិនទាន់ត្រូវបានកំណត់ឲ្យបានច្បាស់នៅឡើយនោះទេ។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានអំពាវនាវឱ្យមានការចល័តធនធានដែលមានទាំងអស់ ដើម្បីឆ្លើយតបទៅនឹងគ្រោះថ្នាក់ និងបើកការស៊ើនអង្កេតស្វែងរកមូលហេតុនៃការផ្ទុះមួយនេះ។
គួរកត់សម្គាល់ថាក្រុមហ៊ុន Hanwha Aerospace គឺជាក្រុមហ៊ុនផលិតអាវុធ ប្រព័ន្ធកាំភ្លើងធំ និងគ្រឿងបន្លាស់អាកាសចរណ៍ដ៏សំខាន់របស់កូរ៉េខាងត្បូង។ រោងចក្រនេះផ្តោតលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ រួមទាំងបច្ចេកវិទ្យាអាវុធទំនើបៗ និងប្រព័ន្ធទាក់ទងនឹងអវកាសជាដើម។ រោងចក្រនេះក៏ធ្លាប់ជួបប្រទះនឹងការផ្ទុះនៃឥន្ធនៈរ៉ុក្កែតក្នុងឆ្នាំ ២០១៨ និង ២០១៩ ដែលបណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ៨ នាក់៕