ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានជាប់ចំណាប់ក្នុងចំណោមស្ថានីយអាកាសយានដ្ឋានថ្មីល្អបំផុតរបស់ពិភពលោកWorld’s Best New Airport Terminal 2026 តាមរយៈការវាយតម្លៃលើសេវាកម្មអាកាសយានដ្ឋាន សេវាកម្មបុគ្គលិក និងការវាយតម្លៃបទពិសោធន៍របស់អតិថិជន។ នេះបើតាមការវាយតម្លៃរបស់ Skytrax World Airport Awards។
អាកាសយានដ្ឋានអន្តរជាតិតេជោរបស់កម្ពុជា ត្រូវបានវាយតម្លៃជាប់ចំណាត់ថ្នាក់លេខ៥ ក្នុងចំណោមស្ថានីយអាកាសយានដ្ឋានថ្មីល្អបំផុតរបស់ពិភពលោកWorld’s Best New Airport Terminal 2026។ ពានរង្វាន់នេះ ធ្វើឡើងសម្រាប់អាកាសយានដ្ឋានថ្មីដែលទើបបើកដំណើរការ១៨ខែចុងក្រោយ ដោយបានវាយតម្លៃលើសេវាកម្មអាកាសយានដ្ឋាន សេវាកម្មបុគ្គលិក និងការវាយតម្លៃបទពិសោធន៍របស់អតិថិជន។
សម្រាប់ពានរង្វាន់ស្ថានីយអាកាសយានដ្ឋានថ្មីល្អបំផុតរបស់ពិភពលោកWorld’s Best New Airport Terminal 2026 រួមមាន ១, Aso Kumamoto Airport របស់ជប៉ុន ២, T3 Guangzhou Baiyun Airport របស់ចិន ៣, T1 San Diego International Airport របស់សហរដ្ឋអាម៉េរិក ៤, Navi Mumbai របស់ឥណ្ឌា និង ៥, Techo International Airport របស់កម្ពុជា។
គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ផ្តើមសាងសង់នៅ ឆ្នាំ២០២០ មានផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប អាចឲ្យប្រភេទយន្តហោះធុនធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១៕