ចិន៖ ប្រទេសចិន កាលពីថ្ងៃទី៣១ ខែឧសភា បានរៀបចំការប្រកួតជើងឯកបាល់ទាត់រ៉ូបូតអន្តរជាតិមួយ ដែលជាផ្នែកមួយនៃពិព័រណ៍បញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ (2026 World Intelligence Expo) ក្នុងទីក្រុងធានជីន (Tianjin)។ ព្រឹត្តិការណ៍នេះ បានទាក់ទាញក្រុមនិស្សិតសាកលវិទ្យាល័យល្បីៗមកពីជុំវិញពិភពលោក ក្នុងគោលបំណងរួមគ្នាស្វែងយល់ និងពង្រីកដែនកំណត់នៃបច្ចេកវិទ្យា «AI បង្កប់ក្នុងរូបរាងកាយ» (Embodied AI)។នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនCCTV+។
ក្នុងចំណោមនោះ ក្រុមបាល់ទាត់រ៉ូបូតមកពីសាកលវិទ្យាល័យ ស៊ីងហួរ (Tsinghua University) បានខិតខំប្រកួតប្រជែងយ៉ាងស្វិតស្វាញ និងឆ្លងកាត់វគ្គបន្តបន្ទាប់យ៉ាងជោគជ័យ។
លោក Qi Zhenghao សមាជិកម្នាក់នៃក្រុមសាកលវិទ្យាល័យ ស៊ីងហួរ បានគូសបញ្ជាក់ថា បច្ចុប្បន្ន ក្រុមរបស់លោកកំពុងអភិវឌ្ឍរ៉ូបូតដោយខ្លួនឯង។ លោកអាចឈានមកដល់ចំណុចបង្កើតពួកវាឡើងបាន ក៏ដោយសារតែលោកបានឆ្លងកាត់ការប្រកួតអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ លោកថា រាល់ការប្រកួតនីមួយៗ តែងតែផ្តល់មេរៀនថ្មីៗ និងជួយជម្រុញគំនិតច្នៃប្រឌិតប្លែកៗសម្រាប់ការរចនារបស់ក្រុមលោក។
លោកពន្យល់ថា ជោគជ័យនេះគឺដោយសាររ៉ូបូតមានការកែលម្អឥតឈប់ឈរលើប្រព័ន្ធញាណមើលឃើញ (Visual Perception) ការសម្របសម្រួលចលនា (Motion Coordination) និងការធ្វើសេចក្តីសម្រេចចិត្តភ្លាមៗ (Real-time Decision-making) របស់រ៉ូបូត។
គួរបញ្ជាក់ថា ព្រឹត្តការណ៍នេះបានចាប់ផ្តើមដំណើរការទន្ទឹមគ្នានឹង កម្មវិធី RoboCup Asia-Pacific (RCAP) Tianjin Invitational 2026 ដែលមានការចូលរួមពីក្រុមនិស្សិតជិត ៣០ក្រុម មកពីបណ្តាសាកលវិទ្យាល័យឈានមុខទាំងក្នុងស្រុក និងបរទេស។