ចិន៖ ភ្លៀងធ្លាក់យ៉ាងគំហុកជាច្រើនម៉ោង បានវាយប្រហារស្រុកស្វយ័ត វិនសាន ហ្ស៊ួង និងម៉ៅ (Wenshan Zhuang and Miao) នៃខេត្តយូណាន ភាគនិរតីនៃប្រទេសចិន កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន។ ស្ថានភាពនេះ បានជម្រុញឱ្យអាជ្ញាធរមូលដ្ឋានចិន បើកយុទ្ធនាការសង្គ្រោះបន្ទាន់ភ្លាមៗ ខណៈកម្រិតទឹកជំនន់បានហក់ឡើងខ្ពស់។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ផ្លូវថ្នល់ និង សង្កាត់លំនៅឋានមួយចំនួន ត្រូវបានលិចលង់យ៉ាងធ្ងន់ធ្ងរ បណ្តាលឱ្យប្រជាពលរដ្ឋជាច្រើននាក់ ជាប់គាំងនៅក្នុងយានយន្ត និង នៅក្នុងអគារ។
ជាការឆ្លើយតប ក្រុមអ្នកជួយសង្គ្រោះ បានប្រញាប់ប្រញាល់ចុះអន្តរាគមន៍ នៅតាមតំបន់រងផលប៉ះពាល់ ដើម្បីកាយសំរាម ដី ខ្សាច់ ឬកម្ទេចកំទីផ្សេងៗដែលស្ទះបណ្ដាញទឹក និង ធ្វើការជម្លៀសប្រជាពលរដ្ឋចេញពីតំបន់ទឹកជំនន់។ នៅក្នុងភូមិមួយ ក្រុមប្រជាពលរដ្ឋបានរួមគ្នា ជួយដឹកជញ្ជូនគ្រាប់ធញ្ញជាតិ និង សម្ភារៈចាំបាច់ផ្សេងៗរបស់កសិកររងគ្រោះ ទៅកាន់ទីទួលសុវត្ថិភាព ដើម្បីជួយការពារទ្រព្យសម្បត្តិរបស់អ្នកជិតខាងប្រកបដោយប្រសិទ្ធភាព។
អាជ្ញាធរមូលដ្ឋានចិន បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋជាប់គាំងជាង ៤០ នាក់ ត្រូវបានជម្លៀសទៅកាន់ទីតាំងមានសុវត្ថិភាពដោយជោគជ័យ ហើយគិតមកទល់ពេលនេះ ចរាចរណ៍នៅលើដងផ្លូវសំខាន់ៗ ក្នុងតំបន់ទីប្រជុំជននៃស្រុកស្វយ័តមួយនេះ កំពុងបានវិលត្រឡប់មកសភាពធម្មតាវិញ ជាបណ្តើរៗ៕