គូឡាឡាំពួ៖ ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ នេះតទៅ ប្រទេសម៉ាឡេស៊ីនឹងផ្អាកការនាំចូលបង្កង និងបង្គាចំនួន ៥ ប្រភេទជាក់លាក់ពីប្រទេសថៃ ដែលក្នុងនោះរួមមាន បង្កងខ្លា (Giant tiger prawn) និងបង្គាស (Whiteleg shrimp)។ វិធានការបិទខ្ទប់ការនាំចូលនេះ ត្រូវបានធ្វើឡើងក្នុងន័យឆ្លើយតបផ្នែកពាណិជ្ជកម្មទៅវិញទៅមក បន្ទាប់ពីខាងភាគីថៃធ្លាប់បានដាក់កំហិតលើការនាំចូលគ្រឿងសមុទ្រពីម៉ាឡេស៊ីដូចគ្នាកាលពីមុន។នេះបើតាមការចេញផ្សាយរបស់កាសែតThe Nation។
យោងតាមរបាយការណ៍ពីការិយាល័យកិច្ចការគាណិជ្ជកម្មប្រចាំទីក្រុងគូឡាឡាំពួរ បានឱ្យដឹងថា ក្រៅពីប្រភេទបង្គាទាំង ៥ រួមមាន បង្កងខ្លា, បង្គាស, បង្គាក្រហម/ត្នោត, បង្គាចេក និងបង្គាខៀវ ម៉ាឡេស៊ីក៏បានរឹតបន្តឹងលើការនាំចូល «ត្រីស្ពង់» (Sea bass) ពីថៃផងដែរ ដោយតម្រូវឱ្យអាជីវករត្រូវតែភ្ជាប់មកជាមួយនូវ វិញ្ញាបនបត្របញ្ជាក់ពីការវិភាគគុណភាព (Certificate of Analysis) ដើម្បីធានាថាផលិតផលទាំងនោះស្របតាមស្តង់ដារសុវត្ថិភាពចំណីអាហាររបស់ក្រសួងសុខាភិបាលម៉ាឡេស៊ី។
វិធានការផ្អាកជាបណ្តោះអាសន្ននេះ នឹងត្រូវបន្តអនុវត្តរហូតទាល់តែស្ថាប័នជំនាញរបស់ថៃ បំពេញ និងដាក់ជូននូវកម្រងសំណួរ ស្តីពីស្តង់ដារសុវត្ថិភាពចំណីអាហារទៅឱ្យអាជ្ញាធរម៉ាឡេស៊ី ដើម្បីធ្វើការវាយតម្លៃឡើងវិញ។ ស្ថានភាពនេះកំពុងធ្វើឱ្យទីផ្សារនាំចេញគ្រឿងសមុទ្ររបស់ថៃមានការរង្គោះរង្គើ ព្រោះវាអាចបណ្តាលឱ្យអ្នកនាំចេញថៃខាតបង់ចំណូលយ៉ាងច្រើន និងអាចប្រឈមនឹងបញ្ហាកកស្ទះ ព្រមទាំងសល់ហៀរហូរនៃផលិតផលបង្គានៅក្នុងទីផ្សារក្នុងស្រុក។
ជាការឆ្លើយតប ក្រសួងកសិកម្ម និងសន្តិសុខស្បៀងរបស់ម៉ាឡេស៊ី បានពន្យល់ថា ការត្រួតពិនិត្យ និងការផ្អាកការនាំចូលនៅតាមច្រកព្រំដែនទាំងអស់ នឹងត្រូវធ្វើឡើងដោយយកចិត្តទុកដាក់បំផុត ដើម្បីធានាថា វានឹងមិនប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់ត្រីស្ពង់ និងបង្គាសម្រាប់ការប្រើប្រាស់ និងបរិភោគប្រចាំថ្ងៃរបស់ប្រជាជនម៉ាឡេស៊ីឡើយ។