សិង្ហបុរី៖ លោក តូ ឡាំ (To Lam) អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម បានថ្លែងនៅក្នុងកិច្ចប្រជុំសន្តិសុខ Shangri-La Dialogue ក្នុងប្រទេសសិង្ហបុរី កាលពីថ្ងៃសុក្រថា ទំនាក់ទំនងដ៏រឹងមាំរវាងវៀតណាម និងចិន ដែលជាប្រទេសជិតខាងដ៏ធំ នឹងផ្តល់ផលប្រយោជន៍យ៉ាងខ្លាំងដល់សន្តិភាព និងសន្តិសុខក្នុងតំបន់ ទោះបីជាចំណងមិត្តភាពជាមួយសហរដ្ឋអាម៉េរិក ក៏មានសារៈសំខាន់ខ្លាំងដូចគ្នា។
ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters លោកបានបញ្ជាក់យ៉ាងច្បាស់ថា វៀតណាម «មិនជ្រើសរើសខាងណានោះទេ» ហើយក៏គ្មានការទាស់ទែងគ្នារវាងការរឹតចំណងមិត្តភាពជាមួយចិន និងការធានាឱ្យមានវឌ្ឍនភាពក្នុងការដោះស្រាយជម្លោះដែនដីនៅសមុទ្រចិនខាងត្បូងនោះដែរ។ លោកបានសង្កត់ធ្ងន់ថា ការរក្សាទំនាក់ទំនងល្អ ការពារអធិបតេយ្យភាព និងការដោះស្រាយបញ្ហាសមុទ្រ គឺទាមទារឱ្យមានការជំរុញគ្នាទៅវិញទៅមក ដោយផ្អែកលើច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ខណៈដែលតំបន់នេះកំពុងក្លាយជាចំណុចក្តៅ ដោយសារមានការទាមទារត្រួតស៊ីគ្នាពីសំណាក់ប្រទេសជាច្រើនដូចជា ហ្វីលីពីន ម៉ាឡេស៊ី ព្រុយណេ និងតៃវ៉ាន់។
លោក តូ ឡាំ ក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការសម្រេចឱ្យបាននូវគោលដៅសេដ្ឋកិច្ចដ៏មានមហិច្ឆតារបស់វៀតណាមផងដែរ។ លោកបានអំពាវនាវឱ្យមានការពង្រឹងច្បាប់អន្តរជាតិ និងការសន្ទនាដើម្បីដោះស្រាយវិបត្តិសកល រួមមានការធ្លាក់ចុះទំនុកចិត្ត និងការប្រែប្រួលអាកាសធាតុ។
ជាចុងក្រោយ លោក តូ ឡាំ បានអះអាងថា វៀតណាមនឹងមិនកែសម្រួលបន្ថយគោលដៅសេដ្ឋកិច្ចរបស់ខ្លួនឡើយ ពោលគឺនៅតែបន្តជំរុញកំណើន GDP ឱ្យបាន ១០% នៅឆ្នាំនេះ និងរក្សាកំណើនពីរខ្ទង់នៅឆ្នាំបន្តបន្ទាប់ទៀត តាមរយៈវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថល ដើម្បីឈានទៅរកការក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានចំណូលខ្ពស់ត្រឹមឆ្នាំ ២០៤៥ ដោយសារតែវៀតណាម «គ្មានជម្រើសផ្សេង ក្រៅពីការដើរទៅមុខនោះទេ»។
កិច្ចប្រជុំសន្តិសុខ Shangri-La Dialogue (SLD) គឺជាវេទិកាជាន់ខ្ពស់ប្រចាំឆ្នាំដ៏មានឥទ្ធិពលបំផុតមួយក្នុងពិភពលោក ដែលត្រូវបានរៀបចំឡើងនៅក្នុងប្រទេសសិង្ហបុរី កាលពីថ្ងៃ សុក្រ សប្ដាហ៍មុន ដោយវិទ្យាស្ថានអន្តរជាតិសម្រាប់សិក្សាយុទ្ធសាស្ត្រ (IISS) ដើម្បីប្រមូលផ្តុំរដ្ឋមន្ត្រីក្រសួងការពារជាតិ មេបញ្ជាការយោធា និងអ្នកជំនាញភូមិសាស្ត្រនយោបាយមកពីជុំវិញសកលលោក ជួបពិភាក្សាដេញដោល និងស្វែងរកដំណោះស្រាយចំពោះបញ្ហាសន្តិសុខ និងជម្លោះក្តៅៗនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដូចជា វិបត្តិសមុទ្រចិនខាងត្បូង ស្ថិរភាពច្រកសមុទ្រតៃវ៉ាន់ និងការប្រកួតប្រជែងឥទ្ធិពលយោធារវាងមហាអំណាចអាម៉េរិក និងចិនជាដើម។គណប្រតិភូ និងមន្ត្រីជាន់ខ្ពស់ផ្នែកការពារជាតិមកពី ៤៤ ប្រទេស ដែលត្រូវបានប្រទេសសិង្ហបុរីជាម្ចាស់ផ្ទះអញ្ជើញនិងទទួលស្វាគមន៍នៅក្នុងព្រឹត្តិការណ៍ឆ្នាំនេះ។