ស្វាយរៀង៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះ បានចាត់ក្រុមការងារនៃទីស្នាក់ការកណ្តាលរួមជាមួយសាខា នាំយកនូវគ្រឿងឧបភោគ-បរិភោគ និងថវិកា ដើម្បីជួយសម្រាលការលំបាកផ្នែកជីវភាពជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ដែលរងផលប៉ះពាល់ផ្ទះទាំងស្រុង និងមធ្យម ចំនួន ២៦៤ គ្រួសារ មកពី៥ឃុំក្នុងស្រុករមាសហែក និង៥សង្កាត់នៃក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ពិធីចែកអំណោយនេះមាន៣ទីតាំងផ្សេងគ្នាក្នុងនោះ៖ ស្រុករមាសហែក មាន២ទីតាំង (ទីតាំងទី១-ឃុំសម្បត្តិមានជ័យ សម្រាប់ប្រជាពលរដ្ឋរងគ្រោះ ៤៤គ្រួសារ, ទីតាំង២-ឃុំត្រពាំងស្តៅ សម្រាប់ប្រជាពលរដ្ឋ ១៤០គ្រួសារ) និងទីតាំងទី៣ ក្រុងស្វាយរៀង សម្រាប់ប្រជាពលរដ្ឋ ៨០គ្រួសារ។
បើតាមរបាយការ៍ពីអាជ្ញាធរ បានបញ្ជាក់ថា៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ខេត្តស្វាយរៀង មានភ្លៀង១មេធំលាយឡំ និងខ្យល់កន្ត្រាក់បណ្តាលឱ្យរងផលប៉ះពាល់ទៅលើលំនៅដ្ឋានប្រជាពលរដ្ឋសរុប ៤០៧គ្រួសារ ស្មើនឹង ៤០៧ខ្នងផ្ទះ ក្នុងក្រុង/ស្រុក ចំនួន៥ រួមមាន ក្រុងស្វាយរៀង ១៥១ គ្រួសារ, ស្រុករមាសហែក ១៩៨គ្រួសារ, ស្រុករំដួល ៤គ្រួសារ ស្រុកកំពង់រោទិ៍ ៤៩គ្រួសារ, ស្រុកស្វាយទាប ៥គ្រួសារ។ ក្នុងនោះទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បានឆ្លើយតប១ក្រុង និង១ស្រុក ដែលមានប្រជាពលរដ្ឋរងផលប៉ះពាល់មធ្យម និងធ្ងន់ ចំនួន២៦៤គ្រួសារ ក្នុងចំណោមប្រជាពលរដ្ឋរងគ្រោះទាំង៤០៧គ្រួសារ ដោយឡែកគ្រួសារដែលនៅសល់ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ជាអ្នកឆ្លើយតបជាបន្តបន្ទាប់។
សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា រួមមាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស , ត្រីខ ១យួរ, ប្រេងឆា ២ដប, ទឹកសុីអុីវ ១យួរ, ទឹកត្រី ១យួរ, ទឹកបរិសុទ្ធ ២កេស, ឃីត១កញ្ចប់ (សារុង មុង ភួយ ក្រមា) ។ បន្ថែមលើនេះគ្រួសាររងផលប៉ពាល់មធ្យមទទួលបានថវិកា ២០ម៉ឺនរៀល និងគ្រួសាររងផលប៉ះពាល់ធ្ងន់ធ្ងរទទួលបានថវិកា ៥០ម៉ឺនរៀល។ ដោយឡែក៥គ្រួសារដែលរលំផ្ទះទាំងស្រុងទទួលបានថវិកាចំនួន ៥លានរៀល ក្នុងមួយគ្រួសារផងដែរ៕