វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ បានអះអាងកាលពីល្ងាចថ្ងៃសុក្រថា លោកនឹងសម្រេចចិត្តឆាប់ៗខាងមុខនេះលើកិច្ចព្រមព្រៀងដែលបានស្នើឡើងដើម្បីពង្រីកបទឈប់បាញ់ជាមួយអ៊ីរ៉ង់ ដោយលោកនឹងជួបគ្នាជាមួយមន្រ្តីជាន់ខ្ពស់នៅក្នុងបន្ទប់សុវត្ថិភាពមួយនៅសេតវិមាន ដើម្បីធ្វើការសម្រេចចិត្តចុងក្រោយលើសំណើនេះ ដែលនឹងពង្រីកបទឈប់បាញ់នៅដើមខែមេសារយៈពេល ៦០ ថ្ងៃទៀត ដោយនេះនឹងផ្តល់ពេលវេលាដល់អ្នកចរចាដើម្បីបង្កើតការបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍។
បើតាមមន្ត្រីសេតវិមានម្នាក់បានប្រាប់ថា កិច្ចប្រជុំនៅក្នុងបន្ទប់ស្ថានភាពមានរយៈពេលប្រហែលពីរម៉ោង ប៉ុន្តែមន្រ្តីរូបនេះមិនបានបញ្ជាក់ថាតើលោក ត្រាំ បានធ្វើការសម្រេចចិត្តឬអត់នោះទេ ដោយលោកប្រធានាធិបតី ត្រាំ នឹងធ្វើកិច្ចព្រមព្រៀងដែលល្អសម្រាប់អាម៉េរិក និងបំពេញតាមបន្ទាត់ក្រហមរបស់លោកដែលបានដាក់ចេញទៅកាន់អ៊ីរ៉ង់។
លោកប្រធានាធីបតីបានរៀបរាប់តាមបណ្តាញសង្គម Trust Social ថាអ៊ីរ៉ង់នឹងត្រូវបញ្ចប់ការរឹតត្បិតរបស់ខ្លួននៅលើច្រកសមុទ្រ ហ័រមូស និងបញ្ឈប់ការផលិតអាវុធនុយក្លេអ៊ែររបស់ខ្លួន។ លោកថាអ៊ីរ៉ង់ត្រូវតែយល់ព្រមថាពួកគេនឹងមិនមានអាវុធនុយក្លេអ៊ែរ ឬគ្រាប់បែកទៀតឡើយ ហើយច្រកសមុទ្រ ហ័រមូស ត្រូវតែបើកភ្លាមៗ គ្មានការបង់ប្រាក់ សម្រាប់ចរាចរណ៍ដឹកជញ្ជូន និងគ្មានការរឹតត្បិតក្នុងការដឹកជញ្ជូនទៀតឡើយ។
ប្រភពព័ត៌មានជាន់ខ្ពស់របស់អ៊ីរ៉ង់ ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បាននិយាយថា កិច្ចព្រមព្រៀងដែលអាចកើតមាននេះមិនរាប់បញ្ចូលបញ្ហាទាក់ទងនឹងនុយក្លេអ៊ែរណាមួយឡើយ ខណៈដែលអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ Esmaeil Baghaei អះអាងនៅលើទូរទស្សន៍រដ្ឋថា ការគ្រប់គ្រងច្រកសមុទ្រត្រូវតែសម្រេចដោយអ៊ីរ៉ង់ និងអូម៉ង់៕