681 ezgif.com resize
Swift cc time

ក្រុមអ្នកវិទ្យាសាស្រ្តអន្តរជាតិ ចុះវាយតម្លៃស្ថានភាព និងចែករំលែកបទពិសោធន៍អភិរក្សសត្វផ្សោតទន្លេមេគង្គនៅខេត្តក្រចេះ

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ក្រចេះ៖ កាលពីពេលថ្មីៗនេះ ក្រុមការងារអភិរក្សសត្វផ្សោតទន្លេមេគង្គកម្ពុជា បានទទួលស្វាគមន៍ និងធ្វើការផ្ទាល់ជាមួយលោកសាស្ត្រាចារ្យ បណ្ឌិត វ៉ាង ឌីង (Professor Dr. Wang Ding) ដែលជាអ្នកវិទ្យាសាស្ត្រកំពូលអន្តរជាតិ ក្នុងដំណើរចុះស្រាវជ្រាវ និងវាយតម្លៃស្ថានភាពសត្វផ្សោតទន្លេមេគង្គក្នុងភូមិសាស្ត្រខេត្តក្រចេះ។ ការចុះស្រាវជ្រាវនេះ ធ្វើឡើងបន្ទាប់ពីមានករណីបាត់បង់សត្វផ្សោតមួយក្បាល ដែលមានលេខសម្គាល់ ៩៤ ដោយសារវ័យជរា។

លោកសាស្ត្រាចារ្យ បណ្ឌិត វ៉ាង ឌីង គឺជាអ្នកវិទ្យាសាស្ត្រដ៏ល្បីល្បាញ និងត្រូវបានទទួលស្គាល់ជាសកលពីស្ថាប័នអន្តរជាតិធំៗដូចជា អង្គការ IUCN, អង្គការ UNESCO និងបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន (CAS) ព្រមទាំងមានប្រវត្តិសិក្សា និងស្រាវជ្រាវដ៏ស៊ីជម្រៅនៅសហរដ្ឋអាមេរិក (សាកលវិទ្យាល័យ Texas A&M)។

យោងតាមការបញ្ជាក់ពីក្រុមការងារអភិរក្សសត្វផ្សោតទន្លេមេគង្គ ទោះបីជាលោកសាស្ត្រាចារ្យមានឋានៈជាអ្នកវិទ្យាសាស្ត្រកំពូលកម្រិតពិភពលោកយ៉ាងណាក្តី ការមកដល់របស់លោកបានបន្សល់ទុកនូវភាពកក់ក្តៅ និងការបន្ទាបខ្លួនដ៏គួរឱ្យគោរព។ លោកបានចំណាយពេលស្តាប់រាល់បញ្ហាប្រឈមនានារបស់ក្រុមការងារដោយក្តីអត់ធ្មត់ និងបានផ្តល់នូវដំបូន្មានល្អៗយ៉ាងទន់ភ្លន់។

អ្វីដែលជាចំណុចសំខាន់ក្នុងដំណើរទស្សនកិច្ចនេះ លោកសាស្ត្រាចារ្យបានចែករំលែក «គន្លឹះជោគជ័យ» ដែលលោកធ្លាប់បានអនុវត្តក្នុងការសង្គ្រោះសត្វផ្សោតទន្លេយ៉ង់សេ (Yangtze) នៅប្រទេសចិន ដោយផ្តោតតាំងពីការរៀបចំសហគមន៍ការពារ រហូតដល់បច្ចេកទេសការពារផ្នែកជីវវិទ្យា។ ការចែករំលែកនេះ គឺជាយុទ្ធសាស្ត្រដ៏សំខាន់ ដើម្បីធានាថាសត្វផ្សោតទន្លេមេគង្គរបស់កម្ពុជា នឹងបន្តមានអត្រាកើនឡើងជាលំដាប់នាពេលអនាគត។

តំណាងក្រុមការងារអភិរក្សបានបង្ហាញនូវសេចក្តីរំភើប និងចាត់ទុកបទពិសោធន៍ព្រមទាំងការណែនាំរបស់លោកសាស្ត្រាចារ្យ ថាជាពន្លឺក្តីសង្ឃឹម និងជាកម្លាំងចិត្តដ៏ធំធេងសម្រាប់បន្តបេសកកម្មអភិរក្សដ៏មានតម្លៃមួយនេះ។ ក្រុមការងារក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្តីស្រឡាញ់ និងការលះបង់របស់លោកសាស្ត្រាចារ្យបណ្ឌិត វ៉ាង ឌីង ដើម្បីសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា៕

Khcct banner

អត្ថបទទាក់ទង