681 ezgif.com resize
Swift cc time

រូប លោកត្រាំ អាចនឹងត្រូវដាក់លើក្រដាសប្រាក់ «២៥០ ដុល្លារអាម៉េរិកថ្មី»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/
រដ្ឋមន្ត្រីក្រសួងរតនាភិបាលអាមេរិក លោក ស្កត ប៊េសសិន កាន់បង្ហាញអត្ថបទព័ត៌មានមួយដែលមានរូបគំរូនៃក្រដាសប្រាក់លោក ត្រាំ ដែលអាចនឹងត្រូវបោះពុម្ពផ្សាយ។

វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កំពុងរៀបចំផែនការបោះពុម្ពក្រដាសប្រាក់ ២៥០ ដុល្លារថ្មីមួយ ដែលអាចនឹងមានរូបថតរបស់លោកត្រាំ ប្រសិនបើសមាជិកសភាអនុម័តច្បាប់លើកលែង។ តាមច្បាប់សហព័ន្ធអាម៉េរិក ការបោះពុម្ពក្រដាសប្រាក់ដោយប្រើរូបភាពមនុស្សដែលនៅរស់គឺត្រូវហាមឃាត់ ប៉ុន្តែសម្ព័ន្ធមិត្តរបស់លោក ត្រាំ នៅក្នុងសភា បានដាក់សំណើច្បាប់ដើម្បីបង្កើតការលើកលែងមួយនេះ ក្នុងគោលបំណងអបអរសាទរខួបលើកទី ២៥០ នៃការកកើតប្រទេសអាម៉េរិកនៅឆ្នាំនេះ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC គម្រោងនេះបានរងការរិះគន់យ៉ាងខ្លាំងពីសំណាក់សមាជិកសភាបក្សប្រឆាំង ដោយពួកគេលើកឡើងថា ក្នុងពេលដែលប្រជាជនកំពុងជួបការលំបាកនឹងតម្លៃទំនិញឡើងថ្លៃ លោក ត្រាំ ហាក់ដូចជាខ្វល់ខ្វាយតែពីរឿងលើកតម្កើងខ្លួនឯងទៅវិញ។

ជាការឆ្លើយតប ក្រសួងរតនាភិបាលអាម៉េរិកបានបញ្ជាក់ថា នាយកដ្ឋានបោះពុម្ពផ្សាយ និងឆ្លាក់រូប (BEP) កំពុងតែរៀបចំការរចនា និងត្រៀមលក្ខណៈទុកជាមុន ក្នុងករណីដែលច្បាប់នេះត្រូវបានអនុម័តដោយសភាទាំងពីរថ្នាក់។

លិខិតឆ្លងដែនអាម៉េរិកមានរូបលោកត្រាំ ដែលសេតវិមានអាម៉េរិកបង្ហាញកាលពីខែមេសា។

ប្រសិនបើទទួលបានជោគជ័យ វានឹងក្លាយជាឧទាហរណ៍ចុងក្រោយបង្អស់នៃកិច្ចខិតខំប្រឹងប្រែងរបស់លោក ត្រាំ និងក្រុមការងារ ក្នុងការដាក់បញ្ចូលមុខ ឈ្មោះ និងរូបភាពរបស់លោកទៅលើនិមិត្តសញ្ញាជាតិ បន្ទាប់ពីការបន្ថែមឈ្មោះរបស់លោកទៅក្នុងមជ្ឈមណ្ឌលសិល្បៈ Kennedy (Kennedy Center) រួមទាំងការត្រៀមដាក់រូបលោកលើលិខិតឆ្លងដែនអាម៉េរិក និងការប្តូរពណ៌យន្តហោះប្រធានាធិបតី Air Force One ទៅជាពណ៌ដែលលោកពេញចិត្តរួចមក។

គួរបញ្ជាក់ថា ក្រសួងរតនាភិបាលអាម៉េរិកនៅមិនទាន់ច្បាស់នៅឡើយទេថា តើស្ថាប័នជំនាញអាចបោះពុម្ពក្រដាសប្រាក់ថ្មីនេះ ឱ្យទាន់ពិធីបុណ្យឯករាជ្យជាតិអាម៉េរិក នៅថ្ងៃទី ៤ ខែកក្កដា ខាងមុខនេះបានឬយ៉ាងណានោះទេ៕

Khcct banner

អត្ថបទទាក់ទង