ភ្នំពេញ៖ សិស្សឆ្នើម១៥ក្រុម នឹងបង្ហាញសមត្ថភាព«ប្រែពីទ្រឹស្តី និងគំនិតច្នៃប្រឌិត ឱ្យទៅជាដំណោះស្រាយបច្ចេកវិទ្យា» នៅក្នុងការប្រកួតថ្នាក់ជាតិ Technovation Girls Cambodia x Future Digital Talents។សិស្សទាំង១៥ក្រុម បានសិក្សានិងប្រើប្រាស់ទៅលើការសរសេរកូដ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ព្រមទាំងជំនាញសហគ្រិនភាព ដើម្បីអភិវឌ្ឍកម្មវិធីទូរស័ព្ទដៃ (App) ដែលឆ្លើយតបទៅនឹងបញ្ហាប្រឈមជាក់ស្តែងនៅក្នុងសហគមន៍។
កម្មវិធី Technovation Cambodia បានកសាងមូលដ្ឋានគ្រឹះយ៉ាងរឹងមាំក្នុងការគាំទ្រ និងលើកកម្ពស់សមត្ថភាពសិស្សស្រីរាប់ពាន់នាក់។ ឈានចូលមកដល់បច្ចុប្បន្ន កម្មវិធីបានបង្ហាញនូវគំនិតផ្ដួចផ្ដើមថ្មីនៃគម្រោង “Future Digital Talents” ដែលបានបើកឱកាសទូលាយដល់សិស្សប្រុសឱ្យចូលរួមអភិវឌ្ឍសមត្ថភាព និងបង្ហាញសក្ដានុពលរបស់ខ្លួនប្រកបដោយបរិយាបន្ន។
សិស្សានុសិស្សទាំង១៥ក្រុម បានសិក្សានិងប្រើប្រាស់ទៅលើការសរសេរកូដ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ព្រមទាំងជំនាញសហគ្រិនភាព ដើម្បីអភិវឌ្ឍកម្មវិធីទូរស័ព្ទដៃ (App) ដែលឆ្លើយតបទៅនឹងបញ្ហាប្រឈមជាក់ស្តែងនៅក្នុងសហគមន៍។ រាល់គម្រោងដែលបានដាក់ស្នើ មិនត្រឹមតែបានឆ្លុះបញ្ចាំងពីគំនិតនវានុវត្តន៍ និងការប្តេជ្ញាចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការត្រៀមខ្លួនរួចរាល់ ក្នុងការក្លាយជាមូលធនមនុស្សឌីជីថលសម្រាប់ប្រទេសជាតិ។
ឆ្លងកាត់ការវាយតម្លៃយ៉ាងហ្មត់ចត់ និងសុក្រឹត ក្រុមឆ្នើមចំនួន ១៥ ត្រូវបានជ្រើសរើសជាផ្លូវការដើម្បីបន្តដំណើរទៅកាន់ការប្រកួតថ្នាក់ជាតិ ដែលត្រូវបានបែងចែកជាបីកម្រិតរួមមាន៖
• កម្រិតបឋម (Beginner): Alpha Tech, team forsaken, Digital Girl, Logic_Looper
• កម្រិតអនុវិទ្យាល័យ (Junior): VectorVillage, NGS Divas, Kesararam With Digital, inovation of Cambodian tech, cognitive clash
• កម្រិតវិទ្យាល័យ (Senior): Dexterity, JaLard, Impact Nexus, CamGo, Gentle Force Girls Tech, Cyber Nova។
ដើម្បីបង្រួបបង្រួមនូវកិច្ចខិតខំប្រឹងប្រែងទាំងនេះ ក្រុមទាំង ១៥ នឹងត្រូវនាំយកគម្រោង និងដំណោះស្រាយឌីជីថលរបស់ខ្លួន ទៅធ្វើបទបង្ហាញផ្ទាល់នៅលើវេទិកាជាតិនៃព្រឹត្តិការណ៍ RISE Week 2026 នាថ្ងៃទី ២៥-២៦ ខែកក្កដា ខាងមុខនេះ។ វេទិកានេះត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងបំផុត ក្នុងគោលបំណងអបអរសាទរសមិទ្ធផល និងជំរុញសមត្ថភាពយុវជនឱ្យកាន់តែមានភាពលេចធ្លោ ទាំងនៅលើឆាកជាតិ និងអន្តរជាតិ។
ការបណ្ដុះបណ្ដាលយុវជនឱ្យមានសមត្ថភាពលើផ្នែកបច្ចេកវិទ្យា គឺជាគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍសង្គមជាតិ។ ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យនេះ កម្មវិធីប្រកួតប្រជែង Technovation Girls Cambodia x Future Digital Talents បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់អំណាចដល់យុវជនកម្ពុជាឱ្យក្លាយជាអ្នកដឹកនាំ អ្នកបង្កើតថ្មី និងអ្នកដោះស្រាយបញ្ហា។
ភាពជោគជ័យនៃកម្មវិធីអប់រំបច្ចេកវិទ្យាជាសកលនេះ សម្រេចទៅបានដោយសារមានការចូលរួមជ្រោមជ្រែងពីដៃគូយុទ្ធសាស្ត្រ និងម្ចាស់ឧបត្ថម្ភ។ កម្មវិធីនេះទទួលបានការគាំទ្រពី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការរៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡា និងរៀបចំដោយ Tech for Kids Academy។ ទន្ទឹមនឹងនេះ កម្មវិធីក៏ទទួលបានការឧបត្ថម្ភធំពី មូលនិធិ ស.អ. ការឧបត្ថម្ភគាំទ្រពី សហគ្រិនខ្មែរ ការរៀបចំដំណើរទស្សនកិច្ចសិក្សាដោយ Education and Future Abroad និងពីស្ថាប័នដៃគូប្រព័ន្ធផ្សព្វផ្សាយ ស៊ីស៊ីថាមស៍ ព្រមទាំងដៃគូសហការទាំងអស់ ដែលបន្តការគាំទ្រ និងវិនិយោគក្នុងការលើកកម្ពស់សមត្ថភាពយុវជនជំនាន់ក្រោយ តាមរយៈបច្ចេកវិទ្យា និងនវានុវត្តន៍៕