បាងកក៖ ប្រទេសថៃ និងវៀតណាម កាលពីថ្ងៃព្រហស្បតិ៍ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួនបួន ដើម្បីពង្រឹងសេដ្ឋកិច្ច បច្ចេកវិទ្យា អាកាសចរណ៍ និងការពារជាតិ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វីរៈគុល និងមេដឹកនាំវៀតណាម លោក តូ ឡាំ។ ឯកសារគន្លឹះទាំងនោះរួមមាន ផែនការសកម្មភាពភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរយៈពេល ៥ឆ្នាំ (២០២៦-២០៣១) កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រនិងការសិក្សា អនុស្សរណៈយោគយល់ (MoU) រវាងស្ថាប័ន EECO ថៃ និងក្រុមហ៊ុន VietJet ក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលជួសជុលយន្តហោះនៅព្រលានយន្តហោះ U-Tapao ព្រមទាំងការព្រមព្រៀងជម្រុញកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិ តាមរយៈការរួមគ្នាបង្ក្រាបបទល្មើសឆ្លងដែន បទល្មើសបច្ចេកវិទ្យា ការនេសាទខុសច្បាប់ និងការធានាសុវត្ថិភាពដែនសមុទ្រ។
យោងតាមការចុះផ្សាយរបស់កាសែតVietnam Plus ភាគីទាំងពីរបានឯកភាពគ្នាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់គោលដៅ ២៥ ពាន់លានដូល្លារអាម៉េរិកក្នុងមួយឆ្នាំឱ្យបានឆាប់រហ័ស ពីកម្រិតបច្ចុប្បន្នដែលមានប្រមាណ ២៤ ពាន់លានដុល្លារ។
បន្ថែមពីនេះ លោក តូ ឡាំ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវឌ្ឍនភាពនៃការឈប់បាញ់គ្នារវាងថៃនិងកម្ពុជា ព្រមទាំងការបន្តកិច្ចចរចារវាងប្រទេសជិតខាងទាំងពីរឡើងវិញ។ ជាទីបញ្ចប់ ថ្នាក់ដឹកនាំទាំងពីរក៏បានរួមគ្នាប្រកាសដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញាផ្លូវការសម្រាប់អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងថៃនិងវៀតណាម ក្រោមប្រធានបទ «រីកចម្រើនជាមួយគ្នា» ដែលនឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៦ ខាងមុខនេះ។
គួរបញ្ជាក់ថា លោក តូ ឡាំ ព្រមទាំងភរិយា លោកស្រី ង៉ូ ភឿងលី (Ngo Phuong Ly) និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានធ្វើដំណើរចាកចេញពីទីក្រុងបាងកក កាលពីល្ងាចថ្ងៃទី ២៨ ខែឧសភា ម្សិលមិញនេះ ដោយបានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសថៃប្រកបដោយជោគជ័យ មុននឹងបន្តដំណើរទៅកាន់ប្រទេសសិង្ហបុរី ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋជាបន្តទៀត៕