ឥណ្ឌា៖ គ្រួសារជនរងគ្រោះកូនកម្លោះសរុបប្រមាណចំនួន ៤២ គ្រួសារ មកពីស្រុកនានាក្នុងរដ្ឋ Madhya Pradesh ប្រទេសឥណ្ឌា បានធ្លាក់ចូលក្នុងអន្ទាក់បោកប្រាស់មិនធ្លាប់មាន ក្រោមរូបភាពរៀបចំ «ពិធីអាពាហ៍ពិពាហ៍» មួយនៅក្នុងក្រុង Dewas។ ក្រុមជនសង្ស័យបានកំណត់គោលដៅលើគ្រួសារដែលមានកូនប្រុសពិបាករកគូស្រករ ដោយឆ្លៀតឱកាសកេងប្រវ័ញ្ចលើចំណុចខ្សោយខាងផ្លូវចិត្តរបស់ពួកគេ រួចដោនឡូដរូបថតនារីស្អាតៗពីបណ្តាញសង្គមមកបង្ហាញ និងភូតកុហកថានឹងរៀបចំការទុកដាក់ប្ដីប្រពន្ធ ជាមួយក្មេងស្រីមកពីមណ្ឌលកុមារកំព្រាមួយក្នុងក្រុង Indore។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NDTV បានឱ្យដឹងថា ក្រុមបោកប្រាស់បានទារប្រាក់ពីគ្រួសាររងគ្រោះនីមួយៗចន្លោះពី ១២,០០០ ដល់ ២៥,០០0 រូពី (ជាង ៣០០ដុល្លារក្នុងម្នាក់) ដោយប្រមូលប្រាក់សរុបបានជាង ១ លានរូពី (ប្រហែលជាង ១២,០០០ ដុល្លារអាម៉េរិក) ពីជនរងគ្រោះទាំង ៤២នាក់ ដោយល្បិចបានសន្យាថានឹងរៀបចំពិធីមង្គលការនៅថ្ងៃទី ២៥ ខែឧសភា។ ប៉ុន្តែ នៅពេលដែលខាងកូនកំលោះ និងក្រុមគ្រួសារធ្វើដំណើរមកដល់ទីតាំងណាត់ជួប ពួកគេបែរជាជួបតែភាពទទេស្អាត គ្មានរោងពិធី គ្មានការរៀបចំអ្វីទាំងអស់ ហើយអ្វីដែលខកចិត្តបំផុតនោះគឺ គ្មានវត្តមានខាងកូនក្រមុំសូម្បីតែម្នាក់។
ក្រោយដឹងខ្លួនថាចាញ់បោក ជនរងគ្រោះបានប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ចភ្លាមៗ។ ប៉ូលីសបានបើកការស៊ើបអង្កេត និងឈានទៅឃាត់ខ្លួនជនសង្ស័យចម្បងពីរនាក់ប្តីប្រពន្ធ ព្រមទាំងកំពុងតាមប្រម៉ាញ់បក្សពួកពីរនាក់ទៀត គឺបងប្រុស និងឪពុកក្មេក ដែលជាអ្នកសមគំនិត និងជាអ្នករៀបចំផែនការតភ្ជាប់ទំនាក់ទំនងជាមួយគ្នា៕