កូរ៉េ៖ កញ្ញា សេក សិរីមុនី ចាប់អាជីពធ្វើការផ្នែក AI នៅកូរ៉េ ក្រោយបញ្ចប់ការសិក្សានៅកូរ៉េ ថ្នាក់បរិញ្ញាបត្រ ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ តាមរយៈអាហារូបករណ៍ Global Korea Scholarship។ ថ្មីៗនេះ កញ្ញា ត្រូវបានសារព័ត៌មានកូរ៉េសម្ភាសពាក់ព័ន្ធនឹងបទពិសោធន៍សិក្សា និងធ្វើការនៅកូរ៉េ ក្នុងនាមជាយុវជនមួយរូបដែលធ្លាប់តែមានភាពអៀនច្រើន ប្រែមកជាអ្នកចាប់យកអាជីពការងារនៅក្រៅប្រទេស។
យោងតាមគេហទំព័រសារព័ត៌មានកូរ៉េ Korea Times បានឱ្យដឹងថា កញ្ញា បានបន្តការសិក្សានៅសាកលវិទ្យាល័យ Yonsei នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ក្នុងជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ តាំងពីអាយុ១៧ឆ្នាំមកម្ល៉េះ ។ មុននឹងបន្តការសិក្សានៅកូរ៉េនេះ កញ្ញាធ្លាប់បានចូលរួមកម្មវិធីក្រៅសាលាជាច្រើន ដែលក្នុងនោះរួមមាន កម្មវិធី Technovation ឆ្នាំ២០១៦ ផងដែរ នេះបើតាមគេហទំព័រក្រសួងអប់រំ យុវជន និងកីឡា។កញ្ញាយល់ថា វិទ្យាសាស្ត្រកុំព្យូទ័រមានសារៈសំខាន់ណាស់ ដើម្បីជួយដោះស្រាយបញ្ហានៅក្នុងសហគមន៍។
ថ្លែងក្នុងបទសម្ភាសជាមួយសារព័ត៌មានកូរ៉េ កញ្ញាបានបន្តរៀបរាប់ទៀតថា កញ្ញាបានឈានចូលទឹកដីកូរ៉េនៅឆ្នាំ២០១៨ ក្រោយទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ។ នៅឆ្នាំដំបូង កញ្ញាបានរៀនថ្នាក់មូលដ្ឋានភាសាកូរ៉េ នៅប៊ូសាន បន្ទាប់មកទើបអាចចូលសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Yonsei នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដែលជាសាកលវិទ្យាល័យលំដាប់កំពូលមួយ។ កញ្ញាយល់ឃើញថា ការចេះភាសាកូរ៉េ មានសារៈសំខាន់សម្រាប់ការបន្តការសិក្សានិងធ្វើការនៅកូរ៉េ ទោះរៀនចប់សាកលវិទ្យាល័យហើយក្តី ព្រោះថាក្រុមហ៊ុនភាគច្រើនចង់បានអ្នកដែលអាចប្រើប្រាស់ភាសាកូរ៉េបានល្អ។
កញ្ញា សិរីមុនី បានទទួលស្គាល់ថា ការស្វែងរកការងារធ្វើនៅក្នុងប្រទេសកូរ៉េសម្រាប់និស្សិតបរទេសនៅតែជាការប្រកួតប្រជែងដ៏ធំ ដោយសារក្រុមហ៊ុនភាគច្រើនសង្កត់ធ្ងន់ខ្លាំងលើកម្រិតភាសាកូរ៉េ។ កញ្ញាបានរំលឹកថា សូម្បីតែនៅក្នុងមុខតំណែងវិស្វករ ឬអ្នកអភិវឌ្ឍន៍បច្ចេកវិទ្យាក៏ដោយ ការសម្ភាសន៍ភាគច្រើនគឺធ្វើឡើងជាភាសាកូរ៉េ។ ដូច្នេះ និស្សិតគួរតែបន្តរៀនសូត្រភាសាបន្ថែម ទោះបីជាបញ្ចប់វគ្គសិក្សាផ្លូវការហើយក៏ដោយ។
នៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះជាមួយសារព័ត៌មាន The Korea Times កញ្ញា សិរីមុនី បានរៀបរាប់ថា៖ «ខ្ញុំគិតថាវាពិតជាសំខាន់ណាស់ក្នុងការស្វែងរកជំនួយនៅពេលយើងត្រូវការ ព្រោះខ្ញុំធ្លាប់ឃើញនិស្សិត GKS មួយចំនួនសម្រេចចិត្តបោះបង់អាហារូបករណ៍ ហើយត្រឡប់ទៅស្រុកកំណើតវិញដោយសារមូលហេតុផ្សេងៗ»។ កញ្ញាបានបន្ថែមថា៖ «ដោយសារយើងមកទីនេះតាមរយៈកម្មវិធី GKS យើងមានបណ្តាញគាំទ្រដ៏រឹងមាំនៅជុំវិញខ្លួនរួចជាស្រេច ដូច្នេះសិស្សមិនគួរមានការភ័យខ្លាចក្នុងការទាក់ទង ឬសុំជំនួយពីអ្នកដទៃឡើយ»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៥ ខែឧសភា កន្លងទៅនេះ កញ្ញាក៏បានចូលរួមជាវាគ្មិនក្នុងកម្មវិធីអភិវឌ្ឍន៍អាជីពដែលរៀបចំដោយវិទ្យាស្ថានជាតិសម្រាប់ការអប់រំអន្តរជាតិ (NIIED) ដើម្បីចែករំលែកបទពិសោធន៍សិក្សា និងការធ្វើការនៅក្នុងប្រទេសកូរ៉េទៅកាន់និស្សិត GKS បច្ចុប្បន្នផងដែរ៕