681 ezgif.com resize
Swift cc time

ក្របីមួយក្បាលឈ្មោះ «ដូណាល់ ត្រាំ» ត្រូវបានអាជ្ញាធរបង់ក្លាដែសសម្រេចមិនយកទៅបូជា ក្នុងពិធីបុណ្យ Eid al-Adha

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

បង់ក្លាដែស៖ ក្របីភឿក កម្រទម្ងន់ ៧០០ គីឡូក្រាមមួយក្បាល ត្រូវបានគេដាក់រហស្សនាមឱ្យថា «ដូណាល់ ត្រាំ» ដោយសារវាមានដុំរោមវែងពណ៌ស្រាល ស្រដៀងទៅនឹងស្ទីលសក់ដ៏លេចធ្លោរបស់ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ។ ដើមឡើយ ក្របីមួយក្បាលនេះ ត្រូវគេគ្រោងនឹងយកទៅអារកសម្លាប់ ក្នុងពិធីបុណ្យ Eid al-Adha ជាបុណ្យបូជាយញ្ញដ៏ធំរបស់ សាសនិកឥស្លាម។ ប៉ុន្តែចុងក្រោយ វាត្រូវបានរដ្ឋាភិបាលអន្តរាគមន៍សង្គ្រោះ និង បញ្ជូនទៅរក្សាទុកនៅសួនសត្វជាតិវិញ។

មុនពេលសង្គ្រោះ ក្របីមួយក្បាលនេះ ល្បីល្បាញយ៉ាងខ្លាំងនៅលើបណ្តាញសង្គម និង បានទាក់ទាញហ្វូងមនុស្សយ៉ាងកុះករឱ្យមកទស្សនា និង ថតរូប។ ក្រោយមក កម្លាំងប៉ូលីស បានចុះទៅដកហូតសត្វក្របីនេះពីម្ចាស់ តាមការស្នើសុំពីនាយកដ្ឋានគិលានសង្គ្រោះសត្វ ដោយសារតែវាជាប្រភេទសត្វកម្រ និង នៅមានអាយុក្មេង ដែលអាចចិញ្ចឹមបន្តបានច្រើនឆ្នាំទៀត។

បច្ចុប្បន្ន ក្របីភឿកនេះត្រូវបានបញ្ជូនទៅដល់សួនសត្វជាតិបង់ក្លាដែស ដោយអាជ្ញាធរ បានរៀបចំជម្រកដាច់ដោយឡែក និង ចាត់តាំងអ្នកមើលថែទាំយ៉ាងដិតដល់។ លើសពីនេះ វាត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក (ចត្តាឡីស័ក) រយៈពេលពីរសប្តាហ៍ ដើម្បីពិនិត្យ និង តាមដានសុខភាពជាមុនសិន។

ការសម្រេចចិត្ត សង្គ្រោះសត្វក្របីដ៏មានប្រជាប្រិយភាពមួយក្បាលនេះ ធ្វើឡើងចំពេលប្រទេសបង់ក្លាដែស កំពុងប្រារព្ធពិធីបុណ្យសាសនា Eid al-Adha នៅក្នុងនោះ សត្វពាហនៈជាង ១២ លានក្បាល រួមមាន គោ ក្របី ពពែ និង ចៀម ត្រូវបានគេរំពឹងថា នឹងត្រូវយកទៅពិឃាតធ្វើពិធីបូជាយញ្ញ ដើម្បីចែករំលែកសាច់ដល់គ្រួសារដែលមានជីវភាពខ្វះខាត។

Khcct banner

អត្ថបទទាក់ទង