ភ្នំពេញ៖ សហរដ្ឋអាម៉េរិក បានផ្តល់ឧបករណ៍ធ្វើតេស្តជំងឺរបេងចំនួន ៤,០០០ ដល់កម្មវិធីជាតិកំចាត់ជំងឺរបេង ដើម្បីបង្កើនល្បឿន និងភាពត្រឹមត្រូវក្នុងការរកជំងឺរបេង ជាពិសេសនៅតំបន់ដាច់ស្រយាល។
លោកស្រី Blake Dawgert ប្រធានផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រចាំស្ថានទូតអាមេរិកនៅភ្នំពេញ បានជួបជាមួយនាយកមជ្ឈមណ្ឌលជាតិកំចាត់ជំងឺរបេងនិង ហង់សិន ដើម្បីប្រគល់ឧបករណ៍ធ្វើតេស្តជំងឺរបេង ចំនួន ៤,០០០ ដល់កម្មវិធីជាតិកំចាត់ជំងឺរបេង។
ឧបករណ៍ទំនើបនេះ ជាជំនួយរបស់សហរដ្ឋអាមេរិក តាមរយៈយុទ្ធសាស្រ្តសុខាភិបាលសាកលរបស់អាមេរិកដំបូងនៃរដ្ឋបាលប្រធានាធិបតី Trump ។ ឧបករណ៍នេះ នឹងជួយបង្កើនល្បឿន និងភាពត្រឹមត្រូវក្នុងការរកជំងឺរបេង ជាពិសេសនៅតំបន់ដាច់ស្រយាល។
បើតាមស្ថានទូតអាម៉េរិក តាមរយៈជំនួយសុខាភិបាលសាកលអាមេរិក ក្នុងរយៈពេលច្រើនទសវត្សរ៍ អត្រាជំងឺរបេងក្នុងប្រទេសកម្ពុជា បានធ្លាក់ចុះប្រមាណ ៥០ ភាគរយ ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ។ តាមរយៈការវិនិយោគលើបច្ចេកវិទ្យាទំនើប និងដំណោះស្រាយសុខាភិបាលសកល សហរដ្ឋអាមេរិកកំពុងការពារប្រជាជនកម្ពុជា និងអាមេរិកពីការរីករាលដាលនៃជំងឺរបេង៕