681 ezgif.com resize
Swift cc time

ពេទ្យចិនវះកាត់គ្រួសក្នុងតម្រង់នោមទម្ងន់ ១,៣ គីឡូក្រាមពីអ្នកជំងឺម្នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ចិន៖ ពេទ្យជំនាញរបស់ចិនបានវះកាត់ដោយជោគជ័យលើបុរសជនជាតិចិនម្នាក់ដែលបានទ្រាំទ្រនឹងការឈឺចាប់យ៉ាងខ្លាំងនៅពេលបត់ជើងតូចអស់រយៈពេល ៣ ឆ្នាំ ក្នុងការវះកាត់ពេទ្យជំនាញបានរកឃើញដុំគ្រួសយក្សទម្ងន់ដល់ទៅ ១,៣ គីឡូក្រាមនៅក្នុងប្លោកនោមរបស់គាត់។ អ្នកជំងឺវ័យ ៥៦ ឆ្នាំដែល មានត្រកូល ចិន (Chen) ជាកសិកររស់នៅខេត្តក្វាងដុង ភាគខាងត្បូងប្រទេសចិន បានទៅពិនិត្យប្លោកនោមនៅមន្ទីរពេទ្យ Xuwen ដែលជាមន្ទីរពេទ្យសម្ព័ន្ធនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រក្វាងដុង បន្ទាប់ពីរោគសញ្ញានៃការបត់ជើងតូចញឹកញាប់ និងមានការឈឺចាប់បានប្រែជាធ្ងន់ធ្ងរឡើងៗ រហូតដល់ថ្នាក់រូបលោកមិនហ៊ានធ្វើដំណើរទៅណាឆ្ងាយនៅពេលថ្ងៃ ហើយក៏មិនអាចគេងលក់នៅពេលយប់។

យោងតាមកាសែត South China Morning Post អ្នកជំងឺបានប្រាប់ថាកន្លងមក ដោយសារតែរវល់នឹងការងារស្រែចំការ និងមិនចង់ខាតពេលវេលា លោក ចិន បានត្រឹមតែទិញថ្នាំលេបដោយខ្លួនឯងក្នុងបំណងព្យាបាលតែប៉ុណ្ណោះ។លទ្ធផលស្កែនបានបង្ហាញថា ដុំគ្រួសនោះមានទំហំធំមហិមារហូតដល់ ១០ សង់ទីម៉ែត្រ គុណនឹង ១៣ សង់ទីម៉ែត្រ ក្តោបទាំងស្រុងនៃប្លោកនោមទៅហើយ ហើយវាត្រូវបានគេរាយការណ៍ថាជាដុំគ្រួសក្នុងប្លោកនោមធំបំផុតនៅក្នុងតំបន់ក្វាងដុងភាគខាងលិច។

ក្រុមគ្រូពេទ្យបានរៀបចំផែនការវះកាត់ និងបានយកដុំគ្រួសដែលមានទំហំប៉ុនកណ្តាប់ដៃមនុស្សពេញវ័យពីររួមគ្នានេះ ចេញពីប្លោកនោមរបស់គាត់ដោយជោគជ័យ ហើយ លោក ចិន តែត្រូវបានពេទ្យបន្តព្យាបាល។ វេជ្ជបណ្ឌិតឯកទេសខាងតម្រងនោមបានពន្យល់ថា ដុំគ្រួសក្នុងប្លោកនោមជាទូទៅកកើតឡើងពីទឹកនោមដែលនៅសេសសល់ក្នុងប្លោកនោមក្នុងរយៈពេលយូរ ដែលអាចបណ្តាលមកពីជំងឺរីកក្រពេញប្រូស្តាត ច្រើនកើតលើបុរសវ័យចំណាស់ និងទម្លាប់រស់នៅមិនល្អដូចជា អង្គុយច្រើនពេក ឬការទទួលទានទឹកមិនបានគ្រប់គ្រាន់។

គ្រូពេទ្យក៏បានណែនាំឱ្យប្រជាពលរដ្ឋទូទៅបរិភោគទឹកឱ្យបានច្រើន បត់ជើងតូចឱ្យបានទៀងទាត់ និងប្រញាប់ព្យាបាលជំងឺតូចតាចដូចជាជំងឺរីកក្រពេញប្រូស្តាត និងការឆ្លងមេរោគផ្លូវទឹកនោមឱ្យបានទាន់ពេលវេលា ដើម្បីការពារកុំឱ្យកើតមានដុំគ្រួសក្នុងប្លោកនោមបែបនេះ៕

Khcct banner

អត្ថបទទាក់ទង