សិង្ហបុរី៖ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោកបណ្ឌិត Vivian Balakrishnan ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅកាន់ទីក្រុងព្យុងយ៉ាង រយៈពេល២ថ្ងៃ (ថ្ងៃទី២៦-២៧ ខែឧសភា ឆ្នាំ២០២៦) បានជំរុញឱ្យប្រទេសកូរ៉េខាងជើង បន្តចូលរួមចំណែកជាវិជ្ជមាននៅក្នុងតំបន់ និងបើកផ្លូវសម្រាប់សម្រាប់ចរចាឱ្យនៅចំហជានិច្ច តាមរយៈការចូលរួមក្នុងវេទិកាតំបន់អាស៊ាន (ARF)។ លោកសង្កត់ធ្ងន់ថា ការប្រាស្រ័យទាក់ទងគ្នានេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងអំឡុងពេលដែលពិភពលោកកំពុងជួបប្រទះនូវភាពមិនប្រាកដប្រជា។ ដំណើរទស្សនកិច្ចនេះ គឺធ្វើឡើងតបតាមការអញ្ជើញរបស់លោកស្រី Choe Son Hui រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង និងជាផ្នែកមួយនៃបេសកកម្មការទូតរបស់លោកនៅក្នុងតំបន់អាស៊ីឦសាន ដែលរួមមានប្រទេសចិន និងកូរ៉េខាងត្បូងផងដែរ។
យោងតាមការចេញផ្សាយរបស់កាសែតThe Strait Times នៅក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាយ៉ាងស្មោះត្រង់ និងទូលំទូលាយលើបញ្ហាសន្តិសុខតំបន់ និងការវិវត្តនៃសភាពការណ៍អន្តរជាតិ ខណៈសិង្ហបុរីសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តបំពេញតួនាទីរៀងៗខ្លួន ដើម្បីគាំទ្រដល់សន្តិភាព ចំពេលដែលស្ថានភាពនៅលើឧបទ្វីបកូរ៉េកំពុងមានភាពប្រែប្រួលខ្លាំង បន្ទាប់ពីកូរ៉េខាងជើងទើបតែបានសាកល្បងប្រព័ន្ធអាវុធមីស៊ីលថ្មីៗ។
ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្រោយពេលដែលសិង្ហបុរី និងកូរ៉េខាងជើង ទើបតែបានប្រារព្ធខួបលើកទី៥០ នៃទំនាក់ទំនងការទូតជាមួយគ្នាកាលពីឆ្នាំ២០២៥ កន្លងទៅ។ នៅក្នុងឱកាសនោះ លោក Balakrishnan ក៏បានចូលជួបសម្តែងការគួរសមជាមួយលោក Jo Yong Won ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃមហាសន្និបាតប្រជាជនកំពូល (សភាជាតិកូរ៉េខាងជើង) ដោយថ្នាក់ដឹកនាំទាំងពីរបានរំឮកឡើងវិញអំពីជំនួបប្រវត្តិសាស្ត្ររវាងលោក គីម ជុងអ៊ុន និងអតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងកិច្ចប្រជុំកំពូលលើកដំបូងនៅសិង្ហបុរី កាលពីឆ្នាំ២០១៨។
គួរបញ្ជាក់ថា ការអំពាវនាវឱ្យកូរ៉េខាងជើងចូលរួមក្នុងវេទិកា ARF ដែលហ្វីលីពីននឹងត្រូវធ្វើជាម្ចាស់ផ្ទះនៅទីក្រុងម៉ានីល នាថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ ធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងបានខកខានមិនបានចូលរួមក្នុងកិច្ចប្រជុំនេះកាលពីឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ ដែលជាលើកដំបូងបង្អស់ចាប់តាំងពីខ្លួនបានក្លាយជាសមាជិកក្នុងឆ្នាំ២០០០មក ដោយសារបញ្ហាទំនាស់ការទូតជាមួយប្រទេសម៉ាឡេស៊ី។
បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅកូរ៉េខាងជើង និងកិច្ចប្រជុំជាមួយសមភាគីចិន លោក វ៉ាង យី (Wang Yi) រួចមក លោក Balakrishnan បានបន្តដំណើរចាកចេញទៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីបញ្ចប់បេសកកម្មការទូតចុងក្រោយរបស់លោក។