ហាណូយ៖ តុលាការប្រជាជនក្រុងហាណូយ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បានប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទចំនួន ១០នាក់ ក្នុងសំណុំរឿងពុករលួយ និងការគ្រប់គ្រងសេដ្ឋកិច្ចមិនត្រឹមត្រូវដ៏ធំមួយ ដែលពាក់ព័ន្ធនឹងក្រសួងសុខាភិបាលវៀតណាម ជុំវិញគម្រោងសាងសង់សាខាទី២ នៃមន្ទីរពេទ្យ Bach Mai និងមន្ទីរពេទ្យ Viet Duc។ មេះបើតាមការចេញផ្សាយរបស់កាសែតVietnam Plus។
ក្នុងចំណោមនោះ អតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រី Nguyen Thi Kim Tien ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ៦ឆ្នាំ ពីបទ «រំលោភលើបទប្បញ្ញត្តិស្តីពីការគ្រប់គ្រង និងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ បង្កឱ្យមានការខាតបង់ និងខ្ជះខ្ជាយ» ។ អតីតមន្ត្រីជាន់ខ្ពស់ពីររូបទៀត មានទោសធ្ងន់ជាងគេ ដោយ លោក Nguyen Chien Thang អតីតប្រធានក្រុមប្រឹក្សាគ្រប់គ្រងគម្រោងសុខាភិបាលធំៗ ត្រូវផ្តន្ទាទោសសរុប ៣០ឆ្នាំពីបទរំលោភការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងបទសូកប៉ាន់ ខណៈអ្នកបន្តតំណែងពីលោកគឺលោក Nguyen Huu Tuan ត្រូវកាត់ទោសសរុប ២៥ឆ្នាំពីបទល្មើសដូចគ្នា។ ចំណែកឯជនជាប់ចោទ ៦រូបផ្សេងទៀត ទទួលបានទោសចន្លោះពី ៣ឆ្នាំ ទៅ ៧ឆ្នាំ ហើយនាយកក្រុមហ៊ុនឯកជនម្នាក់ឈ្មោះ Le Thanh Thiem ត្រូវជាប់គុក ១០ឆ្នាំពីបទបោកប្រាស់ និងកេងបន្លំទ្រព្យសម្បត្តិ។
យោងតាមសាលក្រមរបស់តុលាការ ការរំលោភបំពានរបស់អតីតរដ្ឋមន្ត្រី និងបក្ខពួក បានធ្វើឱ្យគម្រោងសាងសង់មន្ទីរពេទ្យទាំងពីរនេះត្រូវផ្អាកដំណើរការទាំងស្រុង ចាប់តាំងពីខែមករា ឆ្នាំ២០២១ រហូតដល់ខែធ្នូ ឆ្នាំ២០២៤ ដែលបង្កឱ្យមានការខាតបង់ និងខ្ជះខ្ជាយថវិការដ្ឋយ៉ាងធ្ងន់ធ្ងររហូតដល់ទៅជាង ៨០៣ប៊ីលានដុង (ប្រហែល ៣០,៥លានដុល្លារអាម៉េរិក)។
តុលាការក្រុងហាណូយបានរកឃើញថា លោកស្រី Tien និងមន្ត្រីក្រោមឱវាទ បានជួលទីប្រឹក្សាបរទេសដោយមិនចាំបាច់ អនុម័តការទូទាត់ប្រាក់ក្នុងកំឡុងពេលគម្រោងផ្អាក និងផ្តល់ជំនួយហិរញ្ញវត្ថុខុសច្បាប់ដល់ក្រុមហ៊ុនឯកជន ជាពិសេសគឺការបង្កើតលក្ខខណ្ឌអយុត្តិធម៌ដើម្បីជួយឱ្យអ្នកម៉ៅការមួយចំនួនឈ្នះការដេញថ្លៃ។ ជាថ្នូរនឹងការជួយជ្រោមជ្រែងនេះ លោក Thang បានទទួលប្រាក់សំណូកជាង ៥១ប៊ីលានដុង (ស្មើនឹង ៥% នៃតម្លៃគម្រោង) ហើយលោក Tuan ក៏បានបន្តទទួលប្រាក់សំណូកចំនួន ៧,៧ប៊ីលានដុងបន្ថែមទៀតពីអ្នកម៉ៅការ។
ក្រុមប្រឹក្សាចៅក្រមក្រុងហាណូយបានសង្កត់ធ្ងន់ថា បទល្មើសនេះមានលក្ខណៈ «ធ្ងន់ធ្ងរជាទីបំផុត» ដោយសារវាបានបំផ្លាញទំនុកចិត្តរបស់សាធារណជន និងខូចខាតដល់កិត្តិយសរបស់ស្ថាប័នរដ្ឋ ហេតុនេះការដាក់ទោសទណ្ឌកម្រិតធ្ងន់គឺជារឿងចាំបាច់ដើម្បីព្រមាន និងទប់ស្កាត់បទល្មើសសេដ្ឋកិច្ច និងអំពើពុករលួយនាពេលអនាគត។