វៀងចន្ទន៍៖ អាជ្ញាធរឡាវ កាលពីថ្ងៃ២៧ឧសភា បានធ្វើការប្រគល់ខ្លួនជនជាតិថៃចំនួន១០៦នាក់ ដែលសង្ស័យថាមានការពាក់ព័ន្ធនឹងខ្សែបណ្តាញក្រុមបោកប្រាស់តាមប្រព័ន្ធទូរស័ព្ទ(Call-Center) និងល្បែងស៊ីសងអនឡាញ ជូនទៅដល់អាជ្ញាធរថៃវិញ បន្ទាប់ពីមានប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំទូទាំងប្រទេស។
យោងតាមការចេញផ្សាយរបស់កាសែត The Star ក្រុមជនសង្ស័យទាំងនេះត្រូវបានចាប់ខ្លួននៅក្នុងខេត្តបូលីខាំសៃ(Bolikhamxay) ក្រោយពេលសមត្ថកិច្ចឡាវទទួលបានស៊ើបការណ៍សម្ងាត់ថាមានក្រុមជនជាតិឡាវនិងបរទេសបាននាំចូលឧបករណ៍បច្ចេកវិទ្យា ដើម្បីបើកដំណើរការអាជីវកម្មខុសច្បាប់ដោយប្រើប្រាស់ក្រុមហ៊ុនឆ្នោតស្របច្បាប់មួយ និងសណ្ឋាគារ ផ្ទះសំណាក់មួយចំនួនធ្វើជាកន្លែងបិទបាំង។
នៅក្នុងកិច្ចប្រតិបត្តិការនោះ សមត្ថកិច្ចដកហូតបានកុំព្យូទ័រ និងទូរស័ព្ទដៃរាប់រយគ្រឿង ខណៈក្រុមជនជាតិថៃទាំងនោះបានសារភាពថា ពួកគេត្រូវបានគេអូសទាញតាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្មរកការងារធ្វើនៅលើបណ្តាញសង្គមFacebook ដោយទទួលបានប្រាក់ខែដំបូងប្រមាណ៣៥,០០០បាតក្នុងមួយខែ។
លោកវរសេនីយ៍ឯក Jatuporn Newamat មេបញ្ជាការនគរបាលអន្តោប្រវេសន៍ខេត្តបឹងកាន (Bueng Kan) បានថ្លែងថា អាជ្ញាធរថៃនឹងធ្វើការសម្ភាសន៍ និងពិនិត្យវាយតម្លៃជនជាតិថៃទាំង ១០៦នាក់នេះ ទៅតាមយន្តការបញ្ជូនបន្តថ្នាក់ជាតិ (NRM) ដើម្បីផ្ទៀងផ្ទាត់ថាតើពួកគេជាជនរងគ្រោះនៃការជួញដូរមនុស្ស និងការបង្ខំឱ្យធ្វើការងារដោយខុសច្បាប់ឬក៏ជាអ្នកស្ម័គ្រចិត្តចូលរួមក្នុងបណ្តាញបោកប្រាស់នេះដោយខ្លួនឯង។
លោក Jatuporn បន្ថែមថា ចំពោះអ្នកដែលរកឃើញថាជាជនរងគ្រោះ ពលរដ្ឋទាំងនោះនឹងត្រូវបញ្ជូនទៅកាន់ខេត្តកំណើតរបស់ពួកគេវិញ ចំណែកឯអ្នកដែលរកឃើញថាមានចេតនាចូលរួមប្រព្រឹត្តបទល្មើសនឹងត្រូវប្រឈមមុខតាមផ្លូវច្បាប់។
តាមការពិនិត្យបឋមបានឱ្យដឹងថា ក្នុងចំណោមនោះមានមនុស្ស ៩នាក់ធ្លាប់មានប្រវត្តិកើតឡើងជុំវិញករណីស្រដៀងគ្នានេះនិងមានបុគ្គលម្នាក់ទៀតដែលពាក់ព័ន្ធនឹងករណីបើកគណនីធនាគារខ្មោច (Mule Account) ដែលមានដីកាតាមចាប់ខ្លួនចាស់ជាង៧០ករណី ដែលត្រូវបញ្ជូនបន្តទៅកាន់ការិយាល័យស៊ើបអង្កេតបទល្មើសបច្ចេកវិទ្យាដើម្បីចាត់ការបន្ត។