ព្យុងយ៉ាង៖ មេដឹកនាំ គីម ជុងអ៊ុន បានត្រួតពិនិត្យការបាញ់សាកល្បងមីស៊ីលបញ្ជាទិសយុទ្ធសាស្ត្រថ្មីដែលភ្ជាប់ជាមួយនឹងប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) និងប្រព័ន្ធបច្ចេកវិទ្យាទំនើបចុងក្រោយទៀត។ យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA)ដែលគ្រប់គ្រងដោយរដ្ឋបានរាយការណ៍កាលនៅថ្ងៃពុធនេះថា រដ្ឋបាលមីស៊ីល និងបណ្ឌិត្យសភាវិទ្យាសាស្ត្រការពារជាតិកូរ៉េខាងជើងបានធ្វើការបាញ់សាកល្បងប្រព័ន្ធមីស៊ីលជាច្រើនគ្រាប់នៅចំពោះមុខលោកគីមជុងអ៊ុន ដោយជាប្រភេទមីស៊ីលបំពាក់ជាមួយបច្ចេកវិទ្យាជំនាន់ក្រោយរបស់យោធាកូរ៉េខាងជើង។
បើតាម KCNA ការធ្វើតេស្តទាំងនេះត្រូវបានធ្វើឡើងដើម្បីវាយតម្លៃថាមពលនៃក្បាលគ្រាប់មីស៊ីលបាលីស្ទិកយុទ្ធសាស្ត្រ និងប្រព័ន្ធដឹកនាំដោយបញ្ញាសិប្បនិម្មិតរបស់មីស៊ីលបញ្ជាទិសយុទ្ធសាស្ត្រថ្មី ដោយមីស៊ីលបញ្ជាទិសយុទ្ធសាស្ត្រនឹងត្រូវដាក់ពង្រាយនៅអង្គភាពមួយក្នុងតំបន់ភាគខាងត្បូង ដែលរួមមានខ្សែបន្ទាត់ព្រំដែនយោធា ដោយការសាកល្បងនេះមានចម្ងាយប្រមាណ ១០០ គីឡូម៉ែត្រ។
KCNA បានដកស្រង់សម្តីរបស់លោកគីម បញ្ជាក់ថាគណបក្ស និងរដ្ឋាភិបាលនៅតែប្តេជ្ញាពង្រឹងកងកម្លាំងនុយក្លេអ៊ែរ និងកងកម្លាំងធម្មតារបស់កូរ៉េខាងជើង ហើយកូរ៉េខាងជើងនឹងត្រៀមខ្លួនរួចជាស្រេចប្រសិនបើមានការវាយប្រហារណាមួយកើនមានឡើង។
យោធាកូរ៉េខាងត្បូងបានប្រកាសថា កូរ៉េខាងជើងបានបាញ់មីស៊ីលជាច្រើនគ្រាប់ រួមទាំងមីស៊ីលផ្លោងរយៈចម្ងាយខ្លី នៅរសៀលថ្ងៃអង្គារ ពីភាគពាយ័ព្យនៃប្រទេស ឆ្ពោះទៅសមុទ្រលឿង និងផ្នែកខាងលិចនៃឧបទ្វីបកូរ៉េ៕