ចិន៖ «អាហារសម្រន់ សាស៊ៀន» (Shaxian Delicacies) មានប្រភពដើមពីតំបន់ជនបទមួយ ក្នុងទីក្រុងសានមីង ខេត្តហ្វូជៀន ភាគខាងកើតប្រទេសចិន បានវិវឌ្ឍខ្លួនពីអាហារតាមចិញ្ចើមផ្លូវ ក្នុងស្រុក ទៅជាម៉ាកយីហោដ៏ល្បីល្បាញទូទាំងប្រទេស ជាមួយការពង្រីកសាខាស្ទើរគ្រប់ទិសទី។ ដោយផ្អែកលើចំណុចលេចធ្លោនៃរសជាតិបែបសាមញ្ញ ជម្រើសមុខម្ហូបដ៏សម្បូរបែប និង តម្លៃសមរម្យ អាហារសម្រន់សាស៊ៀន បានទាញយកបេះដូងរបស់អ្នកបរិភោគទូទាំងប្រទេសចិន។
បច្ចុប្បន្ន ម៉ាកអាហារនេះ មានទីតាំងបើកដំណើរការជិត ១០០,០០០ សាខា ដែលចំនួននេះច្រើនជាងហាងអាហារទាន់ចិត្តខ្នាតយក្ស McDonald's និង KFC បញ្ចូលគ្នាទៅទៀត។
អាជីវកម្ម កំពុងរីកចម្រើនយ៉ាងគំហុកមួយនេះ អាចរកចំណូលបានជាង ៥៥ ពាន់លានយ័ន (ប្រហែល ៨,១ ពាន់លានដុល្លារ) ក្នុងមួយឆ្នាំ និង បង្កើតការងារជូនប្រជាជនបានជាង ៣០០,០០០ នាក់ តាមរយៈការជំរុញវគ្គបណ្តុះបណ្តាលខ្នាតស្តង់ដារ ដើម្បីពង្រឹងគុណភាពសេវាកម្ម និងរសជាតិ។
របាយការណ៍ ស្តីពីទេសចរណ៍ម្ហូបអាហាររបស់វិទ្យាស្ថានទេសចរណ៍ចិន បានបង្ហាញថា មុខម្ហូបប្រចាំតំបន់ទាំងនេះ បានក្លាយជាកាតាលីករយ៉ាងសំខាន់ ក្នុងការជួយឱ្យសាធារណជន អាចស្វែងយល់ពី អត្តសញ្ញាណវប្បធម៌ ដ៏សម្បូរបែបនៃទីក្រុងនីមួយៗរបស់ចិន បានកាន់តែច្បាស់។