Img 1426
Swift cc time

ក្រុមហ៊ុន Samsung វិនិយោគ ១,៥ ពាន់លានដុល្លារ សង់រោងចក្របន្ទះឈីបដំបូងគេនៅវៀតណាម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

វៀតណាម៖ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សកូរ៉េខាងត្បូង Samsung Electronics វិនិយោគទឹកប្រាក់ចំនួន ៣៩ ទ្រីលានដុង (ប្រហែល ១,៥ ពាន់លានដុល្លារអាម៉េរិក) នៅក្នុងប្រទេសវៀតណាម ដើម្បីសាងសង់រោងចក្រសាកល្បងឧបករណ៍ពាក់កណ្តាលចម្លង (Semiconductor) មួយ ដែលការពង្រីកការបណ្តាក់ទុននេះ នឹងជួយសម្រាលវិបត្តិខ្វះខាតបន្ទះឈីបអង្គចងចាំ (Memory Chips) នៅទូទាំងពិភពលោក ដែលបង្កឡើងដោយកំណើនតម្រូវការយ៉ាងគំហុកផ្នែកបញ្ញាសិប្បនិម្មិត (AI)។

យោងតាមឯកសារសំណើដែលបានផ្ញើទៅកាន់អាជ្ញាធរមូលដ្ឋានកាលពីខែមេសា បានឱ្យដឹងថា រោងចក្រថ្មីនេះបានចាប់ផ្តើមដំណើរការសាងសង់ហើយ នៅក្នុងសួនឧស្សាហកម្មមួយដែលមានចម្ងាយ ៦០ គីឡូម៉ែត្រ ភាគខាងជើងទីក្រុងហាណូយ ហើយត្រូវបានគ្រោងទុកថានឹងចាប់ផ្តើមប្រតិបត្តិការជាផ្លូវការនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៧។

នេះនឹងក្លាយជារោងចក្រសាកល្បងបន្ទះឈីបដំបូងបង្អស់របស់ Samsung នៅវៀតណាម ខណៈបច្ចុប្បន្ន កំណើនតម្រូវការបន្ទះឈីបអង្គចងចាំយ៉ាងគំហុកពីមជ្ឈមណ្ឌលទិន្នន័យ AI បាននិងកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងឧស្សាហកម្មដទៃទៀត ដូចជា ស្មាតហ្វូន កុំព្យូទ័រយួរដៃ និងរថយន្ត។ រោងចក្រថ្មីនេះ នឹងផ្តោតលើការសាកល្បងបន្ទះឈីបជំនាន់ចាស់ (Legacy Chips) ។ទោះបីជាវាមានតួនាទីមិនសូវសំខាន់ក្នុងប្រព័ន្ធ AI ប៉ុន្តែក៏កំពុងជួបវិបត្តិខ្វះខាតខ្លាំងដែរ ដោយសារក្រុមហ៊ុនផលិតធំៗបានបង្វែរថាមពលទៅសម្រុកផលិតបន្ទះឈីប AI វិញ។

រោងចក្រដ៏ធំនេះនឹងមានសមត្ថភាពផលិតប្រចាំឆ្នាំនូវបន្ទះឈីប DRAM ចំនួន ១៥៣,៣ ប៊ីលានហ្គីហ្គាប៊ីត (Gb) និងបន្ទះឈីប NAND Memory ចំនួន ២៥៥,៦ ប៊ីលាន Gb។ ព័ត៌មានលម្អិតជុំវិញទំហំទុនវិនិយោគ និងកាលវិភាគផលិតកម្មនេះ មិនធ្លាប់ត្រូវបានរាយការណ៍ពីមុនមកឡើយ ហើយខាងក្រុមហ៊ុន Samsung និងគណៈកម្មាធិការប្រជាជនខេត្ត Thai Nguyen ដែលជាម្ចាស់ផ្ទះនៃសួនឧស្សាហកម្មនេះ សុទ្ធតែបានបដិសេធមិនផ្តល់ការអត្ថាធិប្បាយជុំវិញរឿងនេះទេ។

គួររំលឹកថា ក្រុមហ៊ុនយក្សកូរ៉េខាងត្បូងមួយនេះ គឺជាវិនិយោគិនបរទេសធំបំផុតនៅវៀតណាម ជាមួយនឹងទុនវិនិយោគសរុបជាង ២៣ ពាន់លានដុល្លារ ខណៈវៀតណាមក៏កំពុងពង្រឹងតួនាទីជាតួអង្គសំខាន់ក្នុងឧស្សាហកម្មជំហានចុងក្រោយ (Back-end Industry) នៃខ្សែច្រវាក់បន្ទះឈីបសកល ដែលរួមមានការដំឡើង ការវេចខ្ចប់ និងការសាកល្បងគុណភាព៕

Khcct banner

អត្ថបទទាក់ទង