រុស្ស៊ី៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រូប៊ីអូ បានអះអាងកាលពីល្ងាចថ្ងៃអង្គារថា សហរដ្ឋអាម៉េរិកត្រៀមខ្លួនរួចជាស្រេចដើម្បីសម្របសម្រួលសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ការបញ្ជាក់របស់លោកម៉ាកូ រូប៊ីអូ ធ្វើឡើងបន្ទាប់ពីរុស្ស៊ីគំរាមកំហែងវាយប្រហារថ្មីលើអ៊ុយក្រែនម្តងទៀត។ ការព្រមានរបស់រុស្ស៊ី រួមទាំងការអំពាវនាវឱ្យអ្នកការទូតបរទេសភៀសខ្លួនចេញពីរដ្ឋធានីអ៊ុយក្រែន គឺជាសញ្ញានៃការវាយប្រហារទ្រង់ទ្រាយធំជាថ្មីម្តងទៀតក្រោយសង្រ្គាមបានផ្ទុះចូលឆ្នាំទី៤ រាប់ចាប់តាំងពីឆ្នាំ ២០២២ មក ដោយរុស្ស៊ីសន្យាថានឹងវាយប្រហារជាប្រព័ន្ធលើទីក្រុងគៀវ រួមទាំងការវាយប្រហារលើទីបញ្ជាការយោធាជាដើម។
ក្នុងការជជែកគ្នាតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និង លោក ម៉ាកូ រូប៊ីអូ លោកបានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសឥណ្ឌាថារាល់ពេលដែលអ្នកឃើញការវាយប្រហារធំៗទាំងនេះពីម្ខាង ឬម្ខាងទៀត វាជាការរំលឹកថាហេតុអ្វីបានជានេះជាសង្គ្រាមដ៏គួរឱ្យភ័យខ្លាចដែលឥឡូវនេះបានអូសបន្លាយយូរជាងសង្គ្រាមលោកលើកទីពីរ ហើយវាត្រូវតែបញ្ចប់។លោកថាសហរដ្ឋអាម៉េរិកត្រៀមខ្លួនជាស្រេចដើម្បីជួយធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីជួយសម្រួលដល់ការបញ្ចប់សង្គ្រាមនេះ ហើយសង្ឃឹមថាឱកាសនឹងមកដល់ក្នុងពេលណាមួយ៕