ហាណូយ៖ អាជ្ញាធរវៀតណាម នៅថ្ងៃទី ២៧ ខែឧសភានេះ បានចេញព្រមានជាអាសន្នពីហានិភ័យខ្ពស់នៃគ្រោះអគ្គិភ័យ ភ្លើងឆេះព្រៃ និងផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ចំពេលដែលរលកកម្តៅដ៏អាក្រក់បំផុតមួយចាប់តាំងពីឆ្នាំ ២០២១ មក កំពុងបន្តគ្របដណ្តប់លើភាគខាងជើង និងភាគកណ្តាលនៃប្រទេស។ កាលពីថ្ងៃទី ២៥ ឧសភាកន្លងទៅ សីតុណ្ហភាពនៅទីក្រុងហាណូយបានហក់ឡើងដល់ ៤០,៧ អង្សាសេ ខណៈខេត្តភូថូ (Phu Tho) ឡើងខ្ពស់បំផុតរហូតដល់ ៤០,៨ អង្សាសេ ដោយសារឥទ្ធិពលរួមផ្សំរវាងសម្ពាធទាបក្ដៅ និង «ខ្យល់ហ្វឺន» (Foehn winds) ដែលជាបាតុភូតខ្យល់ស្ងួតនិងក្តៅខ្លាំងបក់ចុះពីលើជួរភ្នំ។
យោងតាមការចុះផ្សយារបស់កាសែត VN Express អ្នកជំនាញព្យាករថា កម្តៅអាចនឹងថយចុះបន្តិចចាប់ពីល្ងាចថ្ងៃទី ២៧ ឧសភានេះ ដោយសារមានភ្លៀងផ្គររន្ទះនៅតាមតំបន់មួយចំនួនក៏ដោយ ប៉ុន្តែការកើនឡើងនៃសំណើមខ្យល់បន្ទាប់ពីភ្លៀង នឹងនៅតែធ្វើឱ្យបរិយាកាសមានភាពហប់អាប់អួខ្លាំង ជាពិសេសនៅក្នុងតំបន់ទីប្រជុំជនដែលមានសំណង់បេតុងក្រាស់ៗ។
ជាការឆ្លើយតប ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានបញ្ជាទៅកាន់អាជ្ញាធរមូលដ្ឋានឱ្យរឹតបន្តឹងការគ្រប់គ្រងលើការប្រើប្រាស់ភ្លើង និងត្រៀមលក្ខណៈកម្លាំងពន្លត់អគ្គិភ័យជាប្រញាប់ ខណៈដែលសីតុណ្ហភាពកំពូលសម្រាប់រដូវកាលឆ្នាំ ២០២៦ នេះ ត្រូវបានរំពឹងថានឹងបន្តខ្ពស់ជាងកម្រិតមធ្យមភាគច្រើនឆ្នាំ រហូតដល់ខែមិថុនាខាងមុខ៕