681 ezgif.com resize
Swift cc time

ថៃថាជម្លោះនៅ«មជ្ឈិមបូព៌ា»ប៉ះពាល់ដល់ទីផ្សារលក់រថយន្តរបស់ខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

បាងកក៖ សហព័ន្ធឧស្សាហកម្មថៃ (FTI) បានគូសបញ្ជាក់ថា ផលិតកម្មរថយន្តសរុបរបស់ថៃនៅក្នុងខែមេសា បានធ្លាក់ចុះបន្តិចបន្តួច (ប្រហែល ០,៤៤ ភាគរយ) បើធៀបនឹងឆ្នាំមុន ដោយសារតែបញ្ហាពីរធំៗ គឺតម្រូវការទិញនៅក្នុងស្រុកមានការថយចុះ និងមានវិបត្តិជម្លោះនៅមជ្ឈិមបូព៌ា ដែលធ្វើឱ្យរំខានដល់ការដឹកជញ្ជូនទំនិញតាមកប៉ាល់។ នៅក្នុងខែមេសាកន្លងទៅនេះ ថៃផលិតរថយន្តបានសរុបជាង ១០ ម៉ឺនគ្រឿង (១០៣,៧៩៤ គ្រឿង) ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលផលិតបាន ១០៤,២៥៣ គ្រឿង។

ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV+ លោក Surapong Paisitpattanapong អ្នកនាំពាក្យផ្នែកឧស្សាហកម្មរថយន្តរបស់ FTI បានបញ្ជាក់ថា ទោះបីជាខែមេសាធ្លាក់ចុះបន្តិចមែន ប៉ុន្តែបើបូកសរុបពេញ ៤ ខែដំបូងនៃឆ្នាំ២០២៦ នេះ ផលិតកម្មរថយន្តរបស់ថៃនៅតែបន្តកើនឡើងជិត ៤ ភាគរយ (ផលិតបានសរុប ៤៧៣,៥៤៥ គ្រឿង)។

លោក Surapong Paisitpattanapong អ្នកនាំពាក្យផ្នែកឧស្សាហកម្មរថយន្តថៃ

លោកបន្ថែមថា ការលក់រថយន្តនៅក្នុងប្រទេសថៃសម្រាប់ខែមេសា បានកើនឡើងជាង ២ ភាគរយ ដោយលក់បាន ៤៨,៣៩៤ គ្រឿង។ មូលហេតុគឺដោយសារការសម្រុកប្រគល់រថយន្តអគ្គិសនី (EV) ជូនអតិថិជនដែលបានកក់ទុកក្នុងពិព័រណ៍ឡានក្រុងបាងកក កាលពីពេលថ្មីៗនេះ ចំពេលដែលតម្លៃប្រេងឡើងថ្លៃខ្លាំង ដោយសារការរំខានផ្លូវដឹកជញ្ជូននៅច្រកសមុទ្រ Hormuz។

គួរបញ្ជាក់ថា ការនាំចេញរថយន្តពេញលក្ខណៈរបស់ថៃបានធ្លាក់ចុះជាង ៨ ភាគរយ ដោយនាំចេញបានតែ ៦០,១៩០ គ្រឿងប៉ុណ្ណោះ ក្នុងខែមេសា។ ឧបសគ្គធំបំផុត គឺជម្លោះនៅតំបន់មជ្ឈិមបូព៌ា ដែលបានធ្វើឱ្យការនាំចេញរបស់ថៃទៅកាន់ទីផ្សារតំបន់នោះ ដាំក្បាលចុះយ៉ាងគំហុករហូតដល់ជិត ៩២ ភាគរយ៕

Khcct banner

អត្ថបទទាក់ទង