681 ezgif.com resize
Swift cc time

ប្រមុខការទូតកម្ពុជា បន្តលើកពីក្តីបារម្ភពីការបន្ត«ឈ្លានពានរបស់ថៃ»លើទឹកដីកម្ពុជា ក្នុងកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់UN

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន បានបន្តប្រើប្រាស់វេទិកាអន្តរជាតិ លើកឡើងពីក្តីបារម្ភ អំពីការឈ្លានពានរបស់យោធាថៃ នៅទឹកដីកម្ពុជា បើទោះបីប្រទេសទាំងពីរមាន បទឈប់បាញ់ និង កិច្ចព្រមព្រៀងជាមួយគ្នាហើយក្តី តែថៃនៅតែបន្តសកម្មភាពនានា បំពាន និងគំរាមគំហែងកម្ពុជា។ជាមួយគ្នានេះ លោកនៅតែប្រកាសពីជំហរមិនទទួលស្គាល់ជាដាច់ខាតរាល់ខ្សែព្រំដែនបង្កើតឡើងដោយប្រើប្រាស់កម្លាំង។ការបង្ហាញនេះ កំឡុងពេលលោក ប្រាក់ សុខុន ចូលរួមក្នុងកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ក្នុងសេចក្តីថ្លែងការណ៍ លោក ប្រាក់ សុខុន បានបញ្ជាក់ថា ខណៈពេលដែលបទឈប់បាញ់នៅតែមានស្ថេរភាព ប្រទេសកម្ពុជានៅតែមានការព្រួយបារម្ភ អំពីស្ថានភាពការឈ្លានពានរបស់យោធាថៃនៅក្នុងតំបន់ដែលកាន់កាប់ក្នុងទឹកដីកម្ពុជា។ លោកបានអំពាវនាវឱ្យមានការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពឱ្យបានពេញលេញ មានប្រសិទ្ធភាព និងជាបន្ទាន់ រួមទាំងសេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥។

លោករដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានបង្ហាញជំហរថា ប្រទេសកម្ពុជា បានគូសបញ្ជាក់ពីសារៈសំខាន់នៃការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ សន្ធិសញ្ញាដែលមានស្រាប់ និង ការសន្ទនាដោយសន្តិវិធី ដើម្បីកសាងទំនុកចិត្តឡើងវិញ សម្រេចបាននូវសន្តិភាពយូរអង្វែង និងអាចឱ្យជនភៀសសឹកវិលត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព និងដោយសេចក្តីថ្លៃថ្នូរ។ លោកបានជំរុញឱ្យសហគមន៍អន្តរជាតិ បន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងដោយសន្តិវិធីទាំងនេះ ដើម្បីផលប្រយោជន៍របស់ប្រទេសកម្ពុជា ក្នុងតំបន់ឱ្យមានស្ថិរភាព និង វិបុលភាពពិភពលោក។

គួរបញ្ជាក់ថា នាពេលកន្លងមក យោធាថៃបានឈ្លានពានទឹកដីកម្ពុជានៅតំបន់ជិតព្រំដែនមួយចំនួនដោយការដាក់លួសបន្លា កុងទឺនរជាដើម។ រហូតមកដល់ពេលបច្ចុប្បន្ន នៅមានពលរដ្ឋចំនួន៣០.១៤០នាក់ទៀត (ស្ត្រី ១៥.៥៥៣នាក់ និងកុមារ១០.១៥២នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ។ នាពេលថ្មីនេះ នៅព្រឹកថ្ងៃទី ២៤ ខែឧសភានេះ យោធាថៃបានបាញ់២២គ្រាប់ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់ បង្កជាសកម្មភាពឈ្លានពានបន្ថែម៕

Khcct banner

អត្ថបទទាក់ទង