681 ezgif.com resize
Swift cc time

ខេត្តស៊ីនជាំងបញ្ចប់ការប្រកួតកីឡាប្រណាំងកង់អន្តរជាតិលើកទី១៨

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ស៊ីនជាំង៖ ការប្រកួតកីឡាប្រណាំងកង់អន្តរជាតិ "Tour of Sayram Lake" លើកទី១៨ នៅតំបន់ស្វយ័តស៊ីនជាំង អ៊ុយហ្គ័រ ភាគពាយព្យនៃប្រទេសចិន បានបិទបញ្ចប់ទៅដោយជោគជ័យកាលពីថ្ងៃច័ន្ទ។ ក្នុងនោះ កីឡាករម្ចាស់ផ្ទះ Hahailisi Habudeli បានវាយបកយកឈ្នះគូប្រជែងមកពីបណ្តាប្រទេសនានា ដើម្បីគ្រងតំណែងជើងឯក និងទទួលបានអាវលឿង (Yellow Jersey) ជាកិត្តិយស។បើតាមមន្ត្រីមូលដ្ឋានចិនបានឱ្យដឹងថា គោលបំណងចម្បងនៃការរៀបចំការប្រកួតនេះ គឺដើម្បីបង្ហាញពីសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ភាពសម្បូរបែបនៃវប្បធម៌ និងការបើកចំហទ្វាររបស់តំបន់ស៊ីនជាំងទៅកាន់ពិភពលោក។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ការប្រកួតដំណាក់កាលចុងក្រោយនេះ មានចម្ងាយ ៩០ គីឡូម៉ែត្រ ត្រូវគេប្រសិទ្ធនាមថាជា «ដំណាក់កាលដ៏ស្រស់ស្អាតបំផុត» ទោះបីត្រូវប្រឈមនឹងឧបសគ្គខ្យល់បក់ខ្លាំង និងត្រូវប្រកួតនៅលើតំបន់ខ្ពង់រាបកម្ពស់ជាមធ្យមជាង ២,០០០ ម៉ែត្រ ហ៊ុមព័ទ្ធដោយទេសភាពធម្មជាតិដ៏ត្រកាលនៃបឹងសាយរាំក្នុងតំបន់ស្វយ័តម៉ុងហ្គូលីក៏ដោយ។

នៅក្នុងព្រឹត្តិការណ៍ដ៏ស្វិតស្វាញនេះ កីឡាកររុស្ស៊ី Mikhail Mukhin ទទួលបានចំណាត់ថ្នាក់លេខ២ និងកីឡាករ Uladzislau Yarash មកពីប្រទេសបេឡារុស ទទួលបានចំណាត់ថ្នាក់លេខ៣។ ដោយឡែក កីឡាករ Zachary Patterson មកពីប្រទេសនូវែលសេឡង់ បានឈ្នះអាវបៃតង (Green Jersey) ក្នុងនាមជាអ្នករត់ល្បឿនលឿនបំផុត (Best Sprinter) បន្ទាប់ពីបានឆ្លងកាត់ការប្រកួតដ៏លំបាកចំនួន ៦ ដំណាក់កាល ដែលមានចម្ងាយសរុបជាង ៥០០ គីឡូម៉ែត្រ។

លោកស្រី Na Narengaowa ប្រធានការិយាល័យវប្បធម៌ កីឡា វិទ្យុ ទូរទស្សន៍ និងទេសចរណ៍នៃតំបន់ស្វយ័ត ម៉ុងហ្គូលី បានបញ្ជាក់ថា អាជ្ញាធរនឹងបន្តប្រើប្រាស់ការប្រកួតនេះជាវេទិកាយុទ្ធសាស្ត្រក្នុងការកសាងម៉ាកសញ្ញាតំបន់ ពង្រីកឥទ្ធិពលវិជ្ជមាន និងស្វាគមន៍ភ្ញៀវទេសចរកាន់តែច្រើនមកកាន់បឹង សាយរាំ ដែលជាទីតាំងដ៏អស្ចារ្យរួមបញ្ចូលគ្នារវាងភ្នំ បឹង ព្រិល និងវាលស្មៅធម្មជាតិ។

គួរបញ្ជាក់ថា ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ ២០០៧ មក ព្រឹត្តិការណ៍ «Tour of Sayram Lake» បានវិវត្តខ្លួនពីការប្រកួតកម្រិតមូលដ្ឋាន ទៅជាព្រឹត្តិការណ៍កីឡាអន្តរជាតិលំដាប់ពិភពលោកក្នុងរយៈពេល ១៨ ឆ្នាំកន្លងមកនេះ ដោយបានទាក់ទាញអ្នកជិះកង់អាជីពមកពីជុំវិញសកលលោក៕

Khcct banner

អត្ថបទទាក់ទង